ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែលសម្រេចអនុវត្តឡើងវិញនូវការរឹតបន្តឹងមួយចំនួនក្នុងគ្រាដែលមានការកើនឡើងនៃករណីឆ្លងកូវីដ-១៩

image

ហ្សេរុយសាឡិម៖ កាលពីថ្ងៃអង្គារ ប្រទេសអ៊ីស្រាអែលបានសម្រេចអនវុវត្តឡើងវិញនូវការរឹតបន្តឹងមួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈដែលគេកំពុងអំពាវនាវឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំង។

ក្រោយកិច្ចប្រជុំដែលមានរយៈពេល៤ម៉ោង ក្រុមការងារប្រឆាំងជំងឺកូវីដ-១៩របស់អ៊ីស្រាអែលបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ចាប់ពីថ្ងៃអាទិត្យពលរដ្ឋទាំងអស់តម្រូវឲ្យពាក់ម៉ាសមុខនៅក្នុងការជួបជុំនៅខាងក្រៅអគារដែលមានមនុស្សចូលរួមលើសពី១០០នាក់។

ពាក់កណ្តាលនៃបុគ្គលិកបម្រើការនៅក្រសួងស្ថាប័នរដ្ឋតម្រូវឲ្យធ្វើការពីផ្ទះដើម្បីកាត់បន្ថយការប្រមូលផ្តុំនៅកន្លែងធ្វើការ ខណៈដែលវិស័យឯកជនក៏ត្រូវបានណែនាំឲ្យអនុវត្តគោលការណ៍ធ្វើការពីផ្ទះផងដែរ។

ក្រុមការងារប្រឆាំងជំងឺកូវីដ-១៩របស់អ៊ីស្រាអែលក៏បានអំពាវនាវឲ្យពលរដ្ឋគិតពីស្ថានភាពក្នុងពេលនេះ និងឈប់ចាប់ដៃគ្នា និងឱបថើបគ្នា និងជៀសវាងការជួបជុំដែលមិនចាំបាច់ទាំងអស់នៅក្នុងកន្លែងបិទជិត។

អាជ្ញាធរអ៊ីស្រាអែលបានព្រមានថា ការរឹតត្បិតខ្លាំងជាងនេះដែលរួមទាំងការបិទខ្ទប់នឹងត្រូវបានអនុវត្តប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ។

ប្រហែល៥៧%នៃពលរដ្ឋអ៊ីស្រាអែលចំនួន៩លាននាក់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ចំនួន២ដូសរួចរាល់។ គិតត្រឹមថ្ងៃអង្គារអ៊ីស្រាអែលមានអ្នកឆ្លងសរុបចំនួន៨៨២,៣៩១នាក់និងមានអ្នកបាត់បង់ជីវិតសរុបចំនួន,៤៩៥នាក់ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល៕