ព័ត៌មានជាតិ

វីវរហើយ! កសិករស្រុកមង្គលបូរី ត្អូញត្អែរពីតម្លៃស្រូវធ្លាក់ថ្លៃខ្លាំងជាងឆ្នាំមុន ខណៈមន្ត្រីជំនាញ ថា ដោយសារកសិករផលិតស្រូវច្រើនពេក

image

បន្ទាយមានជ័យ៖ កសិកររស់នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានត្អូញត្អែរ និងសម្តែងការខកចិត្ត រឿងតម្លៃស្រូវឆ្នាំនេះ ធ្លាក់ថ្លៃខ្លាំងជាងឆ្នាំមុន ខណៈផលស្រូវ​ទទួលបានទិន្នផលខ្ពស់ជាងឆ្នាំមុន។ នេះបើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋ​នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១។

លោក ផេង វឌ្ឍនា ជាកសិកររស់នៅភូមិអន្លង់ថ្ងាន់ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការធ្វើស្រែឆ្នាំនេះ ដោយសារតែមានទឹកស្រោចស្រព​គ្រប់គ្រាន់ ដំណាំស្រូវទទួលបានទិន្នផលខ្ពស់ ហើយប្រជាពលរដ្ឋបានសម្តែងការសប្បាយ​ចិត្ត តែអ្វីដែលជាការខកចិត្តនោះគឺ តម្លៃស្រូវឆ្នាំនេះ​ បានធ្លាក់ថ្លៃខ្លាំង​ដែលមិនអាចទទួល​យកបាន ដោយស្រូវសើមប្រភេទ៥៤ មានតម្លៃ ៥៤០០បាត(ប្រាក់ថៃ) ក្នុង១តោន (ប្រហែល៦៨.០០០រៀល) និងស្រូវសើមប្រភេទសែនក្រអូប មានតម្លៃ ៧៤០០បាតទៅ ៧៥០០បាត(ប្រាក់ថៃ) ក្នុង១តោន (ប្រហែល៨៨០.០០០រៀល)។ 

ដោយឡែកកាលពីឆ្នាំទៅ ស្រូវសើមប្រភេទ៥៤ មានតម្លៃ ៦២០០បាត ទៅ៦៦០០បាត(ប្រាក់ថៃ)ក្នុង១តោន និងស្រូវសើមប្រភេទសែនក្រអូប មានតម្លៃ ៨២០០បាត(ប្រាក់ថៃ) ក្នុង១តោន។

លើកឡើងស្រដៀងគ្នានេះដេរ កសិករម្នាក់ទៀតគឺ លោក សុខ វ៉ាន់ថន បានលើកឡើងថា ការធ្លាក់ចុះខ្លាំងនៃតម្លៃស្រូវនេះ ធ្វើឱ្យកសិករប្រឈមនឹងការខាត់ខ្លាំង ព្រោះការធ្វើស្រែត្រូវចំណាយប្រាក់ច្រើន ដូចជាចំណាយទៅលើការភ្ជួររាស់ ថ្លៃជី ថ្លៃថ្នាំ និងពូជស្រូវជាដើម។ តម្លៃស្រូវធ្លាក់ថ្លៃខ្លាំងដូចនេះ គួរតែតម្លៃ ជី ថ្នាំ និងពូជស្រូវ ចុះថ្លៃដូចគ្នាដែរ ទើបកសិករអាចទូទាត់ក្នុងការចំណាយបាន និងមិនទទួលរងការបង់ខាត​ច្រើន ប៉ុន្តែផ្ទុយទៅវិញសម្ភារទាំងអស់នេះនៅតែឡើងថ្លៃដដែល ហើយតម្លៃស្រូវ​វិញចេះតែចុះថ្លៃ ដែលមិនអាចទទួលយកបាន។

ពាក់ព័ន្ធនឹងបញ្ហាស្រូវធ្លាក់ថ្ងៃនេះ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានទទួលស្គាស់ពីកាធ្លាក់ចុះតម្លៃស្រូវនេះ និងបានលើកឡើងថា បរិមាណធ្វើស្រែរបស់ប្រជាកសិករ ទូទាំងខេត្តបន្ទាយមានជ័យ សម្រាប់ឆ្នាំ២០២១ សរុបមានប្រមាណជាង ៥ម៉ឺនហិកតា។ ចំពោះទិន្នផលក្នុងឆ្នាំនេះ ជាមធ្យមទទួលបានជាង ៤តោន ក្នុង១ហិកតា។ ចំពោះបញ្ហាតម្លៃស្រូវធ្លាក់ថ្លៃជាឆ្នាំមុន ដោយសារប្រជាពលរដ្ឋ សម្រុកធ្វើស្រូវប្រភេទ៥៤ ច្រើនពេក និងម្យ៉ាងទៀតវាជាបញ្ហា​របស់ឈ្មួញដែលប្រមូលទិញ៕ 

ដោយ៖ ប៊ុន ចាន់ថន