ព័ត៌មានជាតិ

ក្រសួងសាធារណការ និងភាគីពាក់ព័ន្ធ គ្រោងស្នើសុំគោលការណ៍ឯកភាព ដើម្បីធ្វើច្បាប់ផ្លូវចរាចរណ៍គោកថ្មី

image

ភ្នំពេញ៖ ក្រោយបញ្ចប់ការពិភាក្សាសួរដេញដោល ១៩លើក លើវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ក្រុមការងារជំនាញក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ គ្រោងស្នើសុំគោលការណ៍ ឯកភាពធ្វើជាច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។ នេះបើយោងតាមការប្រកាសឱ្យដឹងពីក្រសួងសាធារណការ នៅរសៀលថ្ងៃទី៤ ខែសីហានេះ។ 

បើយោងតាមក្រសួងសាធារណការ បានឱ្យដឹងថា រយៈពេល២ថ្ងៃកន្លងមក មន្ត្រីជំនាញរបស់ក្រសួង បានជួបពិភាក្សាគ្នាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងពិភាក្សាលើការប្រមូលធាតុចូល ក៏ដូចជាកែសម្រួលអត្ថន័យ ពាក្យពេចន៍ ឃ្លាប្រយោគ អក្ខរាវិរុទ្ធនៃសេចក្តីព្រាងវិសោធនកម្មច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ សំដៅឱ្យ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់គោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ និងឈានទៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត។

ក្រោយពីបានពិភាក្សាសួរដេញដោលចប់សព្វគ្រប់ និងដោយយល់ឃើញថា វិសោធនកម្មច្បាប់នេះបានធ្វើឡើងជាច្រើនលើកច្រើនសារ និងមានមាត្រាចំនួន៤៨ ក្នុងចំណោម៩២មាត្រា ត្រូវបានធ្វើវិសោធនកម្ម, អង្គប្រជុំ បានឯកភាពរៀបចំចងក្រងខ្លឹមសារ កែសម្រួលពាក្យពេចន៍ ឃ្លា ប្រយោគនៃវិសោធនកម្មច្បាប់នេះ ឱ្យបានច្បាស់លាស់ ដើម្បីគោរពស្នើសុំគោលការណ៍ឯកភាពធ្វើជាច្បាប់ថ្មី ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ 

សូមបញ្ជាក់ថា វិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនេះ បានឆ្លងកាត់ការសិក្សា និងប្រជុំពិភាក្សា យ៉ាងផុលផុសពីសំណាក់ក្រុមការងារជំនាញសរុបចំនួន ១៧លើក គិតចាប់ពីខែឧសភា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ និងកិច្ចប្រជុំពិភាក្សាចំនួន ២លើកបន្ថែមទៀតដែលដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

លោកទេសរដ្ឋមន្ត្រី  ស៊ុន ចាន់ថុល បានកោតសរសើរក្រុមការងារជំនាញ ដែលបានជជែកពិភាក្សាផ្តល់ធាតុចូល និងមតិយោបល់យ៉ាងផុលផុសក្នុងការខិតខំប្រឹងប្រែង ធ្វើវិសោធនកម្មច្បាប់នេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ។

គួរកត់សម្គាល់ថា រយៈពេលកន្លងមក ការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការបង្កើនប្រាក់ពិន័យរបស់រាជរដ្ឋាភិបាលទៅលើបទល្មើសចរាចរណ៍ផ្លូវគោក មិនមានបំណងរកប្រាក់ចំណេញទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឃើញអ្នកប្រើប្រាស់ផ្លូវទាំងឡាយទទួលបានសុខសុវត្ថិភាព គ្មានគ្រោះថ្នាក់ របួស និងស្លាប់ ដោយហេតុថាគ្រោះមហន្តរាយទាំងនេះបានបន្សល់ទុកពិការភាព ស្ត្រីមេម៉ាយ ពោះម៉ាយ និងកុមារកំព្រា ដែលធ្វើឱ្យងាយធ្លាក់ក្នុងភាពក្រីក្រ។ 

ជាងនេះទៅទៀត ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បាននិងកំពុងអភិវឌ្ឍកម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យបទល្មើសចរាចរណ៍ផ្លូវគោក(App) និងដំណើរការរៀបចំ ប្រកាសអន្តរក្រសួងស្ដីពីនីតិវិធីនៃការដក និងបំពេញពិន្ទុឡើងវិញសម្រាប់បណ្ណបើកបរ៕