គិតត្រឹមចុងឆ្នាំនេះ មានអាកាសចរណ៍ចិន ១១ក្រុមហ៊ុន ដែលធ្វើការហោះហើរត្រង់ទៅមកកម្ពុជា-ចិន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖នៅដើមខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ប្រទេសកម្ពុជា បានអនុញ្ញាតឱ្យមានក្រុមហ៊ុនអាកាសចរណ៍ចិនថ្មីមួយទៀត ធ្វើការហោះហើរត្រង់ទៅមកពីទីក្រុងប៉េកាំងប្រទេសចិន មកកាន់រាជធានីភ្នំពេញប្រទេសកម្ពុជា ។

បើយោងតាម មន្រ្តីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា រហូតមកទល់ពេលនះ ប្រទេសកម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍របស់ចិនចំនួន១១ហើយ ដែលហោះហើរត្រង់ទៅមកជាមួយប្រទេសកម្ពុជា។ ហើយការអនុញ្ញាតឲ្យមានជើងហោះហើររបស់ចិនបន្ថែមទៀត មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាជំរុញ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យកាន់តែមានភាពប្រសើរឡើងដែរ។

អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ការហោះហើរត្រង់ពីប្រទេសចិន មកកាន់ប្រទេសកម្ពុជា ជាគោលនយោបាយពង្រឹងការលើកកម្ពស់ការតភ្ជាប់ការហោះហើរ ដើម្បីឆ្លើយតបទៅនឹងទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ និងដើម្បីផ្តល់ភាពងាយស្រួលកាន់តែប្រសើរឡើងដល់ភ្ញៀវទេសចរចិនដែលចូលមកប្រទេសកម្ពុជា។

សូមជំរាបថា ក្រុមហ៊ុន បន្ថែមជើងហោះហើរត្រង់មកកាន់កម្ពុជាចុងក្រោយនេះ គឺមានឈ្មោះថា ក្រុមហ៊ុនអាកាសចរណ៍ចិន Air China បានធ្វើឡើង ខណៈដែលភ្ញៀវទេសចរចិន បានធ្វើដំណើរមកកាន់កម្ពុជាមានចំនួនកាន់តែច្រើនឡើងៗ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

របាយការណ៍ក្រសួងទេសចរណ៍បានបង្ហាញថា ភ្ញៀវទេសចរចិន ដែលបានចូលមកទស្សនាកម្ពុជាមានចំនួនជាង ៩៣ម៉ឺននាក់ នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០១៨នេះ ដែលស្មើនឹង៣១ ភាគរយ នៃភ្ញៀវទេសចរសរុប។ ចំណែកឯទំហំពាណិជ្ជកម្មកម្ពុជា-ចិនវិញ ភាគីទាំង2 បានប្តេជ្ញាចិត្តថានិងបង្កើនទំហំពាណិជ្ជកម្ម ឲ្យដល់៦ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២០ខាងមុខ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី ក្នុងឆ្នាំ២០១៧កន្លងទៅ សម្រេចបានទឹកប្រាក់ចំនួន ៥,៨០០លានដុល្លារអាមេរិក គឺកើនឡើង២១.៨%។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍បរទេសចំនួន៤២ ដែលហោះហើរត្រង់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ការហោះហើរត្រង់កាន់តែច្រើន ធ្វើឱ្យសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា កាន់តែប្រសើរឡើង និងបំពេញបានតាមតម្រូវការអតិថិជន៕
អត្ថបទ ៖ អៀវ ឈៀងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation