សម្តេចតេជោ ៖ កម្ពុជា ត្រូវបានផ្តល់កិត្តិយសជា “ប្រទេសកិត្តិយស"ក្នុងពិព័រណ៍ចិន-អាស៊ានលើកទី ១៥
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នារសៀលថ្ងៃអាទិត្យនេះ សម្តេចតេជោហ៊ុន សែន បានផ្ញើរនូវការសួរសុខទុក្ខដល់ប្រជាពលរដ្ឋកម្ពុជានៅលើបណ្តាញសង្គមហ្វេសបុកដោយជូនពរដល់បងប្អូនជនរួមជាតិសប្បាយរីករាយនៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា។

សម្តេចតេជោ បានសរសេររៀបរាប់នូវការអរគុណចំពោះបងប្អូន និងកូនក្មួយទាំងអស់គ្នាដែលបានចូលរួមថែរក្សាសន្តិភាពសម្រាប់ប្រទេសជាតិយើងទាំងមូល និងអរគុណចំពោះការជូនពរ។

ជាមួយគ្នានេះសម្តេចតេជោឲ្យដឹងទៀតថា ថ្ងៃស្អែកនេះ សម្តេចនឹងអញ្ញើញ
ទៅចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី ១៥ នៅទីក្រុងណានីន ប្រទេសចិន ដោយសម្តេចអះអាងថា កម្ពុជាយើងត្រូវបានផ្តល់កិត្តិយសជា “ប្រទេសកិត្តិយស” នៅក្នុងពិធីដ៏អធិកអធមនេះ។ ហើយនៅថ្ងៃទី១២ កញ្ញា សម្តេចនឹងបន្តចេញដំណើរពីប្រទេសចិនបន្តទៅចូលរួម “វេទិកាសេដ្ឋកិច្ចពិភពលោក” នៅទីក្រុងហាណូយប្រទេសវៀតណាម។

សូមជំរាបថា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមពិធីតាំងពិព័រណ៍ចិន-អាស៊ានលើកទី១៥ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ។យោងតាម ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងត្រូវអមដំណើរដោយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង,ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមទាំងឥស្សរជនរាជរដ្ឋាភិបាលដទៃទៀត និងធុរជនពីសភាពាណិជ្ជកម្មកម្ពុជាដែលដឹកនាំដោយអ្នកឧកញ៉ាគិត ម៉េង។

សូមបញ្ជាក់ថា ពិព័រណ៍ចិន-អាស៊ានលើកទី១៥ នឹងប្រារព្ធឡើងក្រោមមូលបទ «រួមគ្នាកសាងវិថីសូត្រសមុទ្រសតវត្សទី២១ និងនវានុវត្តសហគមន៍ចិន-អាស៊ាន» ដែលនឹងដាក់បង្ហាញនូវផលិតផលផ្សេងៗគ្នាជាច្រើនពីអាស៊ាន និងចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរបស់វិស័យឯកជននៅក្នុងផ្នែកពាណិជ្ជកម្ម ធុរកិច្ច វិនិយោគ និងទេសចរណ៍ឱ្យកាន់តែប្រសើរឡើង។ នាឱកាសនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹះនៅពិធីបើកពិព័រណ៍ចិន-អាស៊ានលើកទី១៥ ក្នុងគោលបំណងលើកស្ទួយពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងចិន រួមទាំងទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរចិនដែលមានសក្តានុពលមកកាន់តំបន់អាស៊ាន ហើយក្នុងនាមកម្ពុជាជាប្រទេសកិត្តិយសនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ សម្តេចតេជោហ៊ុនសែន និងលោក ហាន់ ចឹង ឧបនាយករដ្ឋមន្រ្តីចិន នឹងអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូ ដើម្បីសម្ពោធព្រះពន្លាជាតិកម្ពុជា រួមទាំងអញ្ជើញទស្សនាសាលពិព័រណ៍ពាណិជ្ជកម្មកម្ពុជា។

ក្រសួងការបរទេសឲ្យដឹងទៀតថា
អំឡុងពេលស្នាក់នៅប្រទេសចិន សម្តេចតេជោនាយករដ្ឋមន្រ្ដី នឹងជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយឥស្សរជនចិន និងទទួលការជួបសម្តែងការគួរសមពីថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងថ្នាក់ដឹកនាំផ្នែកធុរកិច្ចសំខាន់ៗ និងនាយកប្រតិបត្តិនៃក្រុមហ៊ុននានារបស់ចិន ព្រមទាំងផ្តល់បទសម្ភាសដល់សារព័ត៌មានចិនផងដែរ។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញការកត់សម្គាល់ថា ពិព័រណ៍ចិន-អាស៊ាន ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវកាលានុវត្តភាពធុរកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ ដើម្បីសម្រេចឱ្យបាននូវគោលដៅវិនិយោគទុននូវទំហំទឹកប្រាក់ ១ទ្រីលានដុល្លារអាមេរិក ពីប្រទេសចិនមកកាន់តំបន់អាស៊ាន និង ១៥០ពាន់លានដុល្លារអាមេរិក ពីតំបន់អាស៊ានទៅកាន់ប្រទេសចិន នៅត្រឹមឆ្នាំ២០២០៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation