ពិធីគោរពវិញ្ញាណក្ខន្ធ លោកវេជ្ជបណ្ឌិត Beat Richner បើកឱ្យសាធារណៈជនចូលរួមចាប់ពីរសៀលថ្ងៃនេះ ដែលមានរយៈពេល ៥ថ្ងៃ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ មូលនិធិគន្ធបុប្ផា និងមន្ទីរពេទ្យគន្ធបុប្ផាទាំងមូល និងក្រុមគ្រួសាររបស់លោកវេជ្ជបណ្ឌិត Beat Richner បានប្រកាសនៅ ថ្ងៃនេះថា សម្រាប់សាធារណៈជនទូទៅ អាចចូលរួមសម្តែងមរណទុក្ខ និងសេចក្តីនឹករលឹកដឹងគុណចំពោះឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ក្នុងពិធីគោរពវិញ្ញាណក្ខន្ធនៃសព ដែលនឹងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលព័ត៌មាននៃមន្ទីរពេទ្យគន្ធបុប្ផា (វត្តភ្នំ) និងនៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាប នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៣រសៀល ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ខាងមុខ ។

សូមជំរាបថា វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ បានទួលអនិច្ចកម្មលាចាកលោកយើងទៅ នៅវេលាម៉ោង ២និង៤៥នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងហ្សុយរិក ប្រទេសស្វីស ក្នុងជន្មាយុ៧១ឆ្នាំ ដោយរោគាពាធ។
ដំណឹងដ៏គួរឱ្យសោកសៅនេះ មហាគ្រួសារខ្មែរ បានសម្តែងនូវការសោកស្តាយក្រែលែងនិងចូលរួមមរណទុក្ខដ៏សែនក្រៀមក្រំ និងបានបួងសួងឱ្យវិញ្ញាក្ខន្ធរបស់លោក បានទៅកាន់សុគតិភព។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៣:០០រសៀល ក្រសួងនឹង រៀបចំពិធីគោរពវិញ្ញាណខ័ន្ទឯកឧត្តមសាស្ត្រាចារ្យ បីច រីចច្នឺ ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួងសុខាភិបាល ដើម្បី សំដែងមរណទុក្ខចំពោះមរណ:ភាពនិងការបាត់បង់ស្ថាបនិកមន្ទីរពេទ្យកុមារគន្ធបុប្ផារូបនេះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលអះអាងថា នេះមិនត្រឹមតែជាការបាត់បង់នូវឥស្សរជនជួយសុខភាពកុមារកម្ពុជាប៉ុណ្ណោះទេ តែជាការបាត់បង់ដ៏ធំធេងសម្រាប់វិស័យសុខាភិបាលកម្ពុជា និងជាការបាត់បង់លោកគ្រូពេទ្យដ៏ឆ្នើមកម្ររកបានផងដែរ។

ឯកឧត្តមម៉ម ប៊ុនហេង បញ្ជាក់ថា រយៈពេល២៥ឆ្នាំកន្លងទៅនេះ ឯកឧត្តមវេជ្ជបណ្ឌិត បីច រីចច្នឺ បានបង្កើតស្នាដៃមនុស្សធម៌ ដ៏ធំធេង នៅក្នុងប្រវត្តិនៃការអភិវឌ្ឍន៌វិស៏យសុខាភិបាលកម្ពុជា ទង្វើខាងលើរបស់ឯកឧត្តមសាស្ត្រាចារ្យ បីច រីចច្នឺ គឺពិតជា គំរូវីរភាពដែលយើងទាំងអស់គ្នាមិនអាចបំភ្លេចបានឡើយ ហើយតាមរយ:ស្នាដៃរបស់ឯកឧត្តមសាស្ត្រាចារ្យ បីច រីចច្នឺ ខាងលើនេះដែរ កុមារកម្ពុជាជាច្រើននាក់ទទួលបាននូវការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ហើយសមិទ្ធិផលដែលបាន កើតចេញពីស្នាដៃរបស់ឯកឧត្តមសាស្ត្រាចារ្យ បីច រីចច្នឺ នៅលើទឹកដីកម្ពុជានេះ និងពិតជាបានបន្សល់ទុកឲ្យជាផលប្រយោជន៌ សម្រាប់កុមារកម្ពុជាជាបន្ត និងនៅស្ថិតស្ថេរជានិរន្តន៌។ឯកឧត្តមម៉ម ប៊ុនហេង បានសន្យាថា យើងនិងខិតខំបន្តនូវបេសកកម្ម មនុស្សធម៌របស់ឯកឧត្តមសាស្ត្រាចារ្យ បីច រីចច្នឺ ជាបន្តទៀត ដើម្បីសុខភាពកុមារកម្ពុជា មិនឲ្យសាបសូន្យឡើយ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation