ឆ្លងកាត់ជិវិតតស៊ូនៃជីវភាពក្រខ្សត់ ខំរៀនរហូតក្លាយជាសិស្សជាប់និទ្ទេស A តែម្នាក់គត់ក្នុងខេត្តរតនគិរី
| ព័ត៌មានជាតិ
SHARE

រតនគិរី៖លទ្ធផលសម័យប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៧-២០១៨ បានចេញជាផ្លូវការនៅទូទាំងប្រទេសនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨។ ដោយឡែកក្នុងខេត្តរតនគិរីលទ្ធផលបានបង្ហាញថាបេក្ខជនបានប្រលងជាប់ចំនួន ៧២១ នាក់ក្នុងចំណោមបេក្ខជន ៩០៧ នាក់ដែលបានចូលរួមប្រឡងកាលពីថ្ងៃ ២០ ខែ សីហា ឆ្នាំ ២០១៨ កន្លងមកនេះ។ក្នុងនោះមាននិទ្ទេស A ចំនួន ១នាក់ និទ្ទេស Bចំនួន ៣នាក់ និទ្ទេស C ចំនួន ៤៩ នាក់និទ្ទេស Dចំនួន១៩៦ នាក់និងនិទ្ទេស E ចំនួន ៤៧២ នាក់។

សិស្សជាប់និទ្ទេស A ដែលមានឈ្មោះ ម៉ក់ យិត អាយុ ១៩ ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ប្អូនមានស្រុកកំណើតនៅភូមិ ស្រម៉ ឃុំក្សែត ស្រុកកំពុងរោ ខេត្ត ស្វាយរៀង ដែលមានឪពុកឈ្មោះ តាន់ មាឃ អាយុ៤២ ឆ្នាំ ម្ដាយឈ្មោះ កាន យ៉ាន់ អាយុ៤០ ឆ្នាំ បច្ចុប្បន្នឪពុកម្ដាយរបស់ប្អូនប្រុសធ្វើជាកម្មករនៅប្រទេស ថៃ។ប្អូនប្រុសមានបងប្អូនចំនួន ៤នាក់ស្រី ១ ប្រុស ៣ហើយប្អូនប្រុសជាប្អូនទី ២។

ប្អូនប្រុស ម៉ក់ យិត បានរៀបរាប់បន្តថាប្អូនបានមកសិក្សារៀនសូត្រនៅក្នុងខេត្តរតនគិរីម្នាក់ឯងរយៈពេល៣ឆ្នាំមក ហើយគឺបានសិក្សានៅវិទ្យាល័យសម្ដេចឪសម្ដេចម៉ែតាំងពីថ្នាក់ទី១០ មកម្ល៉េះ ហើយបច្ចុប្បន្នប្អូនបានស្នាក់នៅផ្ទះជួលមួយកន្លែងក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ហើយឆ្លៀតតពេលទំនេពីការសិក្សារៀនសូត្រប្អូន តែងតែ ស៊ីឈ្នួលរៀបចំឥវ៉ាន់លក់ដូរឲ្យគេដើម្បីបានថវិការមកជួលបន្ទប់ស្នាក់នៅនិងឧបត្ថម្ភខ្លួនឯងក្នុងការសិក្សា។

យុវជនដែលជាំប់និទ្ទេស Aរូបនេះក៏បានរំលឹកផងដែរអំពីការលំបាកគ្រប់បែបយ៉ាងដែលខ្លួនបានបែកឆ្ងាយពីឪពុកម្ដាយបងប្អូនមករស់នៅម្នាក់ងក្នុងទឹកដីនៃខេត្តរតនគិរី តែកាលំបាកទាំងអស់នោះបានជំរុញឲ្យប្អូនខិតខំប្រឹងប្រែងធ្វើការងាររកប្រាក់និងខិតខំប្រឹងប្រែងរៀនសូត្រដោយសង្ឃឹមថា ថ្ងៃណាមួយជីវិតរបស់ខ្លួននឹងបានល្អប្រសើពីការខិតខំប្រឹងប្រែងទាំងនេះ ហើយពេលនេះក្ដីស្រមៃរបស់ប្អូនប្រុសបានក្លាយជាការពិតដោយប្អូនប្រុសបានប្រលងជាប់និទ្ទេសAថ្នាក់វិទ្យាសាស្រ្តដោយទួលបានពិន្ទុ ៩៩.៨៨៥ ហើយលទ្ធផលនេះធ្វើឲ្យប្អូនប្រុសមានការសប្បាយរីករាយយ៉ាងខ្លាំងរកអ្វីប្រៀបផ្ទឹមពុំបានឡើយ។

ប៉ុន្តែអ្វីដែលរឹតតែពិសេសនោះ បើតាមការបញ្ជាក់របស់ក្រសួងអប់រំ ប្អូនប្រុស ម៉ក់ យិត ជាបេក្ខជនដែលទទួលបានពិន្ទុខ្ពស់ជាងគេបំផុតលើវិញ្ញាសារ ខ្មែរ បើប្រៀបធៀបជាមួយបេក្ខជននិទេស្ទទូទាំងប្រទេស ហើយការដែលទទួលបាននិទ្ទេស A លំដាប់ពិន្ទុ៩៩.៨៨៥ គឺប្អូនឈរនៅលេខរៀងទី ១៣៤ ក្នុងចំណោមបេក្ខជននិទេស្ទAទាំង២៩០នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ២០១៨នេះ៕ អត្ថបទ៖ប៉េស សារី



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation