រដ្ឋមន្ត្រីស្តីទីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ថា ថវិកា គឺជាឧបករណ៍នៃគោលនយោបាយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ លោកជំទាវ ខេង សំវ៉ាដា រដ្ឋមន្ត្រីស្តីទី ​ក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃទី១២ កញ្ញានេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ស្តីពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងផ្សព្វផ្សាយកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះ ប្រមូលផ្តុំដោយស្រ្តីជាអ្នកដឹកនាំ មន្ទីរកិច្ចការនារីខេត្ត និងមន្ត្រីជំនាញ ដែលមករៀនសូត្រ ពិភាក្សាផ្លាស់ប្តូរយោបល់ អំពីការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការអនុវត្តកម្មវិធីកំណែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ឲ្យបានល្អប្រសើរជាលំដាប់។


មានប្រសាសន៍ នៅក្នុងសិក្ខាសាលានេះ លោកជំទាវ ខេង សំវ៉ាដា បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ នឹងរួមចំណែក ដល់ការអនុវត្ត យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្នុងបុព្វហេតុដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលទាមទារឲ្យអ្នកដឹកនាំស្ថាប័ន នៅគ្រប់កម្រិត ត្រូវមានចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព សហគ្រិនភាព ការឆ្នៃប្រឌិត គុណធម៌ សីលធម៌ មនសិកាស្នេហាជាតិ និងស្មារតីទទួលខុសត្រូវខ្ពស់។


លោកជំទាវ បានគូសបញ្ជាក់ថា ថវិកាគឺជាឧបករណ៍ នៃគោលនយោបាយ មានន័យថា បើមានគោលនយោបាយ ត្រឹមត្រូវច្បាស់លាស់ ប៉ុន្តែគ្មានថវិកាសម្រាប់ការអនុវត្ត គឺយើងមិនអាចសម្រេចបាន នូវបំណងប្រាថ្នា ដែលរំពឹងទុកនោះទេ។
 
លោកជំទាវរដ្ឋមន្ត្រីស្តីទី ក៏បានណែនាំ ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ខិតខំសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍខ្លួនឯង និងស្ថាប័នរបស់ខ្លួន។ លោកជំទាវបន្ថែមថា សមត្ថភាពរបស់មន្ត្រី ក្នុងការអនុវត្តកំណែទម្រង់ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកត្តាកំណត់ជោគជ័យ ក្នុងការបំពេញអាណត្តិមុខងារ របស់ក្រសួងកិច្ចការនារី។


គួរជម្រាបដែរថា សិក្ខាសាលា​នេះ ធ្វើឡើងសំដៅអនុវត្ត នូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្ត ដំណាក់កាលទី៣ នៃកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាដំណាក់កាល នៃការផ្សាភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ ដែលត្រូវបានដំណើរការពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០៕( អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី )

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation