(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសនៅថ្ងៃនេះថា ក្រសួងបានរៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យដោះស្រាយចំពោះការមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨ ជូនបេក្ខជន មាតាបិតា អាណាព្យាបាល ឬអ្នកពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដូចធ្លាប់អនុវត្តតាមនីតិវិធីនាឆ្នាំកន្លងមក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា គណៈកម្មការកោសល្យវិច័យនឹងចាប់ដំណើរការការងារពីថ្ងៃជូនដំណឹងនេះ ក្នុងរយៈពេល ១សប្តាហ៍។
សូមជម្រាបថា សិស្សប្រឡងបាក់ឌុបជាង ៤០០នាក់បាននាំគ្នាប្តឹងតវ៉ាលទ្ធផលប្រឡងបាក់ឌុប ជាពិសេសលើមុខវិជ្ជាគណិតវិទ្យា ទៅកាន់ក្រសួងអប់រំ ដោយពួកគេអះអាងថា កំណែលើមុខវិជ្ជាគណិតវិទ្យានៃការប្រឡងបាក់ឌុបឆ្នាំមានភាពមិនប្រក្រតី ដោយក្នុងនោះសូមប្បីតែម្ចាស់មេដៃមាសសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសមកពីខេត្តកំពត ក៏ធ្លាក់លើមុខវិជ្ជាគណិត វិទ្យានេះដែរ៕