ព័ត៌មានជាតិ

សម្តេចក្រឡាហោម ស ខេង ជម្រុញដល់មន្រ្តីអាណត្តិថ្មីទាំងអស់ត្រូវបំរើពលរដ្ឋឲ្យបានទាន់ពេលវេលា

image

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានជម្រុញដល់មន្រ្តីគ្រប់ជាន់ថ្នាក់ក្នុ ងអាណត្តិថ្មីទាំងអស់ ត្រូវយកចិត្តទុកដាក់បំរើបផលប្រយោជន៍របស់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបន្ថែមទៀត ខណៈពួកគាត់បានបោះឆ្នោតឲ្យហើយនោះ។

ថ្លែងនៅក្នុងកម្មវិធីប្រកាសចូលកាន់តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គនាយក អគ្គាធិការនិងបំពាក់ឋានន្ដរស័ក្ដិ ជូននាយនគរបាលជាតិជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេងបានលើកឡើងថា បងប្អូនប្រជាពលរដ្ឋបានស្រលាញ់សន្តិភាព និងជឿជាក់លើការ ដឹកនាំ ប្រទេសរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ទើបនាំគ្នាទៅបោះឆ្នោតជូន ដូច្នេះក្នុងនាមយើងជាមន្រ្តីត្រូវបំរើពួកគាត់ឲ្យបានទាន់ ពេលវេលាកុំឲ្យមានការថ្នាំងថ្នាក់ ហើយត្រូវការពារសន្តិសុខសុវត្ថិភាពជូនដល់ពួកគាត់ឲ្យបានគ្រប់ពេលផងដែរ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា«យើងត្រូវបង្កើនការបំរើពួកគាត់គ្រប់សេវាកម្មទាំងអស់ឲ្យបានទាន់ពេល។ ការពារសុវត្ថិភាពដល់ពលរដ្ឋនិងសង្គមឲ្យបានល្អជាពិសេសទប់ស្កាត់អំពើឆក់ប្លន់និងបទល្មើសផ្សេងៗទៀតដែលពួកគាត់មានការព្រួយបារម្ភ»។

សម្តេចក្រឡាហោម បានបន្តទៀតថា ភូមិឃុំមានសុវត្ថិភាពគឺជាកត្វាធំបំផុតដែលយើងត្រូវនាំគ្នាយកចិត្តទុកដាក់បន្ថែមទៀត។ មន្រ្តីមូលដ្ឋានដូចជាមេឃុំ និងចៅសង្កាត់ មន្រ្តីសូរិយោដីមិនត្រូវឲ្យប្រជាពលរដ្ឋការអាក់អន់ចិត្តទៀតនោះទេ ហើយត្រូវនាំគ្នាផ្តល់សេវាកម្មប្រចាំថ្ងៃជូនដល់ពួកគាត់គ្រប់ពេលនិងគ្រប់តម្រូវការ។
យ៉ាងណាក៏ដោយសម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងកោតសរសើរចំពោះអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នា ថែរក្សាសុខសន្តិភាព ជូនដល់ប្រជាពលរដ្ឋនិងប្រ ទេសជាតិទាំងមូលផងដែរ។សម្តេចបានបន្ថែមថា ការរួមគ្នាការពារប្រទេស មិនឲ្យធ្លាក់ ក្នុងកលយុគគឺជាកត្វាសំខាន់បំផុត សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចំរើនបន្ថែមទៀតលើ គ្រប់វិស័យ។

សូមជំរាបថា មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃដែលប្រកាសចូលកាន់តំណែងជាផ្លូវការនាថ្ងៃនេះ រួមមាន រដ្ឋលេខាធិការ នៅចំនួន ១៨ រូប និងអនុរដ្ឋលេខាធិការ មានចំនួន ៣២ រូប។ ក្នុងនោះដែរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានចូលកាន់តំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ , នាយឧត្តមសេនីយ៍ កង សុខន ចូលកាន់តំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ,ឯកឧត្តម សេង យូអ៊ាន់ ប្រកាសចូលកាន់តំណែងជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នៃក្រសួងមហាផ្ទៃ។ រីឯ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏ត្រូវបានប្រកាសចូលកាន់តំណែង ជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយក្រៅពីនោះ សម្តេចក្រឡាហោម ស ខេង ក៏បានបំពាក់ឋានន្ដរស័ក្ដិ នាយឧត្តមសេនីយ៍ ឧត្តមសេនីយ៍ឯក ជូននាយនគរបាលជាតិជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ជាច្រើនរូបទៀត

សូមរម្លឹកថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីសម្រេច បែងចែកភារកិច្ចជូនដល់រដ្ឋលេខាធិការ ១៨រូប និងអនុរដ្ឋលេខាធិការ ៣០ រូប នៅក្រសួងមហាផ្ទៃ ដើម្បីពង្រឹងគុណភាពការងារបម្រើប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត៕ អត្ថបទ ៖ ឃឹម វិសាល រូបភាព ៖ សាយ សូវុទ្ធ