សម្តេចតេជោនិងឧបនាយករដ្ឋមន្រ្តីចិនរួមគ្នាសម្ភោធពន្លាជាតិកម្ពុជាក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៥ នៅទីក្រុងណានីង
| ព័ត៌មានជាតិ
SHARE

​​ពន្លាជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និងពិធីពិព័រណ៍ចិន-អាស៊ាន លើកទី១៥ បាន​ប្រារព្វពិធីបើកជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១២កញ្ញា នៅមជ្ឈមណ្ឌលសន្និសិទ និងពិព័រណ៍ជាតិ ណាននីង តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។

សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហាន់ ជឹង ឧបនាយករដ្ឋមន្រ្តី សមាជិកការិយាល័យនយោបាយ និងជាគណះកម្មាធិការអចិន្រៃ្តយ៍ នៃគណះ​កម្មាធិការ​មជ្ឈឹមបក្ស កុម្មុយនីស្តចិន បានអញ្ជើញបើករបាំងស្បៃនៃពន្លាជាតិរបស់ព្រះរាជាណា ចក្រកម្ពុជា នៅមុនពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៥។

នៅក្នុងពិធីបើកពិព័រណ៍ចិន អាស៊ាន លើកទី១៥ ឆ្នាំ២០១៨នេះ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំពន្លាជាតិរបស់ខ្លួន លើ​ផ្ទៃដីទំហំ ៣០៤ម៉ែត្រក្រឡា ដោយបានជ្រើសរើសយកប្រាសាទសំបូរព្រៃគុក ដែលទើបទទួល បានការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ជាខេត្ត ស្រស់ប្រិមប្រីយ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមប្រធានបទ រួមគ្នាកសាងវិថីសូត្រសមុទ្រ សតវត្សទី២១ (បង្កើតសហគមន៍ចិន-អាស៊ាន ប្រកបដោយនវានុវត្តន៍)។ ពន្លាជាតិកម្ពុជាមាន​ខ្លោងទ្វារសាងសង់តាមរចនាបទ ប្រាសាទសំបូរព្រៃគុក អមដោយរបងទាំងសងខាង ដែលមាន​ការ​តុបតែងតាមរចនាប្រាសាទសំបូរព្រៃគុក និងរំលេចដោយរូបភាព នៃទេសភាពប្រាសាទសំបូរ ព្រៃគុក។ ពន្លាជាតិកម្ពុជាក៏បានរៀបចំលំអដោយការដាក់ទង់ជាតិទាំងបួន រួមមានទង់ជាតិរបស់ ព្រះរាជាណាចក្រកម្ពុជា ទង់បេតិកភណ្ឌពិភពលោក ទង់អង្គការយូណេស្កូ និងទង់ព្រះរាជាណា​ចក្រ អច្ឆរិយ: និងរូបភាពស្តីពីសកម្មភាពសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសនៃការប្រកាសអបអរសាទរប្រាសាទសំបូរព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភព លោក។ ក្នុងពន្លាជាតិនោះដែរ ក៏មានការដាក់តាំងបង្ហាញនូវផលិតផល សក្តានុពលចម្រុះទាក់ទិន​ទៅ​និងផលិតផលកសិកម្ម កសិ-ឧស្សាហកម្ម ​សម្ភារះ និងឯកសារស្តីពីសកម្មភាពជំរុញពាណិជ្ជ​កម្ម សេដ្ឋកិច្ច និងវិនិយោគនានា ពិសេសមានការសំដែងសិល្បះរបាំជូនពរ របស់ក្រុមសិល្បះ មហាជន នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បះ។ 

 
​​ពិព័រណ៍ចិន-អាស៊ាន លើកទី១៥ ក្រោមប្រធានបទ រួមគ្នាកសាងវិថីសូត្រសមុទ្រ សតវត្ស​ទី២១ (បង្កើតសហគមន៍ចិន-អាស៊ាន ប្រកបដោយនវានុវត្តន៍) បានបា្ររព្វពិធីបើកជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីបណ្តាមេដឹកនាំ ប្រទេសអាស៊ានទាំង១០ និងប្រទេសនៅតំបន់ អាហ្រ្វីក និងអ្នកវិនិយោគមកពីប្រទេសអាស៊ាន អាហ្រ្វីក ជាច្រើនរូប។ សូមបញ្ជាក់ថា ពិព័រណ៍ ចិនអាស៊ាន ឆ្នាំ២០១៥នេះ មានកល្ខណះពិសេសដោយមានមេដឹកនាំពីប្រទេសអាហ្រ្វីកមួយ​ចំនួនអញ្ជើញចូលរួមផងដែរ។



​​ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន អាស៊ាន លើកទី១៥ ឆ្នាំ២០១៨នេះ ឯកឧត្តម លូ ស៊ីនសឺ លេខាធិការនៃគណះកម្មាធិការបក្សកុម្មុយនីយស្តចិន តំបន់ស្វយ័តជនជាតិជ័យក្វាងស៊ី និង​ឯកឧត្តម ហាន់ ជឹង ឧបនាយករដ្ឋមន្រ្តីចិន សមាជិកការិយាល័យនយោបាយ និងជាសមាជិក​គណះកម្មាធិការអចិន្រៃ្តយ៍ នៃគណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីយចិន មានប្រសាសន៍ថា ប្រធានបទនៃពិព័រណ៍ចិនអាស៊ាន លើកទី១៥នេះ បានសំរេចឲ្យឃើញពីគំនិតផ្តួចផ្តើម ខ្សែក្រ​វ៉ាត់ និងផ្លូវ និងកិច្ចសហប្រតិបត្តិការខាងនវានុវត្ត។ ខណះឆ្នាំនេះគឺជាឆ្នាំនៃកិច្ចសហប្រតិបត្តិការ​ ខាងនុវានុវត្តរវាងចិន អាស៊ាន ការតាំងពិព័រណ៍លើកនេះ នឹងបង្ហាញពីលទ្ធផលខាងផ្នែក នវា​នុវត្ត ក៏ដូចជានិន្នាការថ្មីៗ នៃកិច្ចសហប្រតិបត្តិការខាងនវនុវត្ត សំដៅចាក់បញ្ចូលថាមពលថ្មីចូល ទៅក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ចិន។

ឯកឧត្តមប្រធានមានប្រសាសន៍បន្តថា ពិព័រណ៍ ចិន អាស៊ាន លើកទី១៥នេះ នឹងបង្កើតឱកាសអាជីវកម្មបន្ថែមទៀត តួយ៉ាងគេនឹងឃើញមាន ទំនិញដែលមានស្លាកយីយោល្បីៗ ពីតំបន់អាស៊ាន ខណះដែលប្រទេសអាស៊ាន៨ផ្សេងទៀត នឹងបង្កើតពន្លាដោយឡែកពីគ្នា ដើម្បីដាក់តាំងបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេ។ ជា មួយគ្នានេះពិព័រណ៍លើកទី១៥នេះទៀតសោត នឹងបង្កើតវេទិកាសម្រាប់បណ្តាខេត្ត ទីក្រុង និង តំបន់ស្វយ័តដេឡស្ថិតនៅតាមបណ្តោយភាគខាងត្បូង នៃប្រទេសចិន ដើម្បីដាក់តាំងបង្ហាញពី គោលនយោបាយ អត្ថប្រយោជន៍ខាងឧស្សាហកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធ នីហរ័ណ អាហរ័ណ សេវាហិរញ្ញវត្ថុ ការផ្សព្វផ្សាយអំពីការវិនិយោគ និងការវិនិយោគក្រៅប្រទេស។ ឯក​ឧត្តម​បន្តថា ដោយសារការតាំងពិព័រណ៌ឆ្នាំ២០១៨នេះ មានលក្ខណះពិសេស គណះកម្មាធិការ​ពិព័រណ៌បានអញ្ជើញបណ្តាប្រទេសមកពីតំបន់អាហ្រ្វីក ដែលជាប្រទេសក្នុងសូត្រសមុទ្រ​របស់​ចិន ដែលមានអត្ថន័យដ៏ទូលំទូលាយ ដែលមានការចូលរួមតាំង ពិព័រណ៌រហូតដល់ជាង ​៦ពាន់​៦០០ស្តង់ និងក្រុមហ៊ុនជាង៧ពាន់ក្រុមហ៊ុនចូលរួម៕ (អត្ថបទ និងរូប ហ៊ន សុភ័ក្រ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation