ព័ត៌មានជាតិ

ប្រមុខការទូតកម្ពុជានឹងបំពេញទស្សនកិច្ច២ថ្ងៃនៅជប៉ុនក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី កម្ពុជា-ជប៉ុន

image

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ញើញទៅបំពេញទស្សនកិច្ចការងារ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ១៩ កញ្ញា ឆ្នាំ២០១៨ តបតាមអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលCNCទទួលបាននៅល្ងាចនេះ បានឱ្យដឹងថា កំឡុងពេលទស្សន កិច្ចនេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបពិភាក្សាទ្វេភាគីជាមួយសមភាគីរបស់ឯកឧត្តម គឺឯកឧត្តមតារ៉ា កូណូ រដ្ឋមន្ត្រីការបរទេសជប៉ុ នឹងបន្តដោយការពិសារអាហារថ្ងៃត្រង់ការងារជាមួយគ្នា។

ក្រសួងការបរទេសឱ្យដឹងទៀតថា ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការនិងចំណងមិត្តភាពដ៏យូលង់រដ្ឋមន្ត្រីការបរទេស នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន នឹងធ្វើការពិភាក្សាត្រង់ទៅត្រង់មកនិងផ្លាស់ប្តូរទស្សនៈគ្នាសំដៅពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននិងប្រទេសទាំងពីរ។


តាមគម្រោងក្នុងដំណើរទស្សនកិច្ចការងារនៅជប៉ុននេះ ប្រមុខការទូតជាន់ខ្ពស់កម្ពុជារូបនេះ នឹងជួបជាមួយឥស្សរជនសំខាន់ៗ របស់ជប៉ុនដូចជា ឯកឧត្តម ម៉ាសាហ៊ីរ៉ូ អ៊ីម៉ាមួរ៉ា ប្រធានសមាគមមិត្តភាពកម្ពុជា-ជប៉ុន,ឯកឧត្តម ម៉ាសាហ៊ីកូ កូមួរ៉ា អនុប្រធានគណបក្សប្រជាធិបតេយ្យ សេរីជប៉ុន(LDP)។


សួមជំរាបថា កម្ពុជានិងជប៉ុន បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រកាលពីឆ្នាំ២០១៣ ហើយជប៉ុនគឺជាដៃគូអភិវឌ្ឍន៍កម្ពុជាក្រោយឆ្នាំ ១៩៩៣មកដល់បច្ចុប្បន្ន ហើយកាលពីថ្ងៃម្សិលមិញនេះ នាយករដ្ឋមន្ត្រីជប៉ុនក៏បានផ្ញើសារអបអរសាទរជូនដល់សម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជ័យជំនះក្នុងការបោះឆ្នោតនិងបន្តដឹកនាំប្រទេសកម្ពុជា និងសន្យបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត៕