អាជ្ញាធរខេត្តមណ្ឌលគិរី ប្រារព្ធទិវាអក្ខរកម្មជាតិ អន្តរជាតិ ០៨កញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទ អក្ខរកម្មឆ្ពោះទៅការសិក្សាពេញមួយជីវិត
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ អភិបាលរងខេត្តមណ្ឌលគិរី បានជម្រុញដល់គ្រប់ស្ថាប័ន និងប្រជាពលរដ្ឋទាំងអស់ រួមគ្នាលើកកម្ពស់ ការងារអក្ខរកម្មឱ្យកាន់តែល្អប្រសើរ ដើម្បីលើកម្ពស់កម្រិតជីវភាពរស់នៅ នឹងសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរឡើង។ ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត មានប្រសាសន៍បែបនេះ ក្នុងពិធីទិវាអក្ខរកម្មជាតិ អន្តរជាតិ ០៨កញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទ អក្ខរកម្មឆ្ពោះទៅការសិក្សាពេញមួយជីវិត នៅសាលាស្រុកកោះញែក នា ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨។


ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត បានបញ្ជាក់ថា ការប្រារព្ធទិវាអក្ខរកម្មជាតិ អន្តរជាតិ ០៨កញ្ញា ជាចក្ខុវិស័យ អភិវឌ្ឍប្រជាជនកម្ពុជាគ្រប់រូបឱ្យទទួលបានឱកាសសិក្សាពេញមួយជីវិត គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ ប្រកបដោយវិជ្ជាសម្បទាន ចរិយាសម្បទា និងគុណសម្បទា ដើម្បីរួមចំណែកបង្កើនសេដ្ឋកិច្ច និងសុខដុមជីវិតបុគ្គល រួមនឹងសង្គម។ ទន្ទឹមនឹងនេះដែរ ដើម្បីផ្សារភ្ជាប់ការងារអក្ខរកម្ម ទៅនឹងការសិក្សាពេញមួយជីវិត ឱ្យឈានទៅសម្រេចតាមគោលដៅ ប្រែក្លាយពលករដែលប្រើប្រាស់កម្លាំងពលកម្មសុទ្ធ ទៅជាការប្រើប្រាស់ជំនាញស្របតាម យុទ្ធសាស្រ្តកំណើតថ្មីរបស់កម្ពុជា ឯកឧត្តម អភិបាលរងខេត្ត បានអំពាវនាវដល់គ្រប់ស្ថាប័ន សហគមន៍ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមគាំទ្រការងារអក្ខរកម្ម និងចូលរួមណែនាំដល់មាតាបិតា ឫអាណាព្យាបាលទាំងអស់ ត្រូវជម្រុញដល់កូនចៅ ដែលដល់វ័យសិក្សា ឱ្យចូលរៀននៅតាមសាលាបឋមសិក្សាឱ្យបានច្រើនបន្ថែមទៀត។


តាមការបញ្ជាក់របស់លោក គឹម ប៊ុនធឿន អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា តាមជំរឿនរបស់មន្ទីរផែនការខេត្តមណ្ឌលគិរី ឆ្នាំ២០១៨ មានស្ថិតិអនក្ខរជនពេញវ័យអាយុ១៥ឆ្នាំឡើងទៅសរុប ១០,៣៤៥នាក់។ លោកបន្ថែមថា កម្មវិធីអក្ខកម្មបានបើកថ្នាក់ចំនួន០៩ថ្នាក់ មានគ្រូ០៩នាក់ មានសិស្សចុះឈ្មោះចូលរៀនចំនួន១៦៧នាក់ ដោយឡែកស្រុកកោះញែក ឆ្នាំ២០១៨ មានថ្នាក់អក្ខរកម្មកំពុងដំណើរការចំនួន០៣ថ្នាក់ សិស្សសរុប៤២នាក់ផងដែរ។


ឆ្លៀតនាឱកាសនោះដែរ ឯកឧត្តម សាយ ម៉េងគីម អភិបាលរងខេត្ត និងអាជ្ញាធរស្រុក បានអញ្ជើញចុះសួរសុខទុក្ខ នឹងនាំយកអំណោយសប្បុរសមួយចំនួន ផ្តល់ជូនក្មេងស្រីកំព្រាចំនួនពីរនាក់បងប្អូន ដើម្បីជាការចូលរួមចំណែកជួយដោះស្រាយនូវទុក្ខលំបាករបស់កុមារកំព្រា ដែលមានជីវភាពខ្វះខាត រស់នៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក។

ឯកឧត្តម បានបញ្ជាក់ថា អំណោយទាំងនេះ រួមមាន៖ អង្ករ៥០គីឡូក្រាម ទឹកផ្លែឈើ មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ត្រីខ ធុងចម្រោះទឹក និងបន្ថែមថវិកា៨៧០,០០០៛ ផ្តល់ជូនកុមារទាំងពីរដើម្បីរួមចំណែកជួយដោះស្រាយបានមួយរយៈពេល ដោយឡែក ក្នុងនោះដែរ រដ្ឋបាលសាលាស្រុកបានឧបត្ថម្ភជាគ្រឿងឧបភោគ និងថវិកាមួយចំនួន បន្ថែមទៀតជូនជារៀងរាល់ខែដល់ក្មួយស្រីទាំងពីរផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation