សិល្បករខ្មែរនិងលាវ រួមគ្នាលើកតម្កើងឧបករណ៍តន្រ្តីគែនដែលមានអាយុកាលជាង៣.០០០ឆ្នាំ
| សិល្បៈកម្សាន្ត
SHARE

ភ្នំពេញ៖ សិល្បករខ្មែរ និងលាវ ប្រមាណ ៣០នាក់ បានរួមគ្នាធ្វើបទបង្ហាញអំពីឧបករណ៍គែន ដែលជាប្រភេទឧបករណ៍តន្ត្រីធ្វើពីដើមឬស្សីតូចៗ នៅឆាកសម្ដែងសិល្បៈខ្មែរអមតៈ បរិវេណសារមន្ទីរជាតិ។


បទបង្ហាញជាលើកទីមួយ សម្រាប់កម្ពុជា ធ្វើជាម្ចាស់ផ្ទះនេះ មានគោលបំណងបង្ហាញឧបករណ៍ភ្លេងគែន ដែលភាគច្រើនប្រជាពលរដ្ឋខ្មែរ កម្រនឹងបានឃើញដោយផ្ទាល់។ ជាពិសេស សិល្បករទាំង ២ប្រទេស ក៏មានឱកាសបានស្គាល់គ្នា ចែករំលែកចំណេះដឹង និងបច្ចេកទេសសម្ដែង ដែលសុទ្ធតែបានបង្ហាញពីចំណុចពិសេសៗរៀងខ្លួន។

បើតាមការបញ្ជាក់របស់ លោក កែវ ដូរីវណ្ណ សាស្រ្តាចារ្យសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា ឧបករណ៍ភ្លេងគែននេះ មានវត្តមាននៅ សតវត្សរ៍ទី៦ នឹងមានការសំអាងឆ្លាក់នៅលើ ស្គរមហាធឹក។ ប៉ុន្ដែក៏មានការសន្និដ្ឋានផ្សេងទៀតតាមរយៈការសិក្សាស្រាវជ្រាវដោយបុរាណវិទូជាតិបារាំង ដែលបានសិក្សាស្រាវជ្រាវនៅប្រទេសលាវ បានបញ្ជាក់ថា គែន ប្រហែលជាមានអាយុ ៣.០០០ ឆ្នាំមកហើយ ដោយសំអាងរូបគំនូរឧបករណ៍នេះនៅលើសំបកឃ្លោក នៅប្រទេសលាវ។ ហើយនាពេលបច្ចុប្បន្នទាំងកម្ពុជា និងលាវ សុទ្ធតែកំពុងយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាល អ្នកជំនាន់ក្រោយឲ្យចេះប្រគំ និងរួមគ្នាថែរក្សា អភិរក្សសម្បត្តិវប្បធម៌ដ៏មានតម្លៃនេះ កុំឲ្យបាត់បង់។


អ្នកនាង ថន សីម៉ា ប្រធានកម្មវិធីរថយន្តតន្ត្រីទិព្វខ្មែរ នៃអង្គការសិល្បៈខ្មែរអមតៈ បានឲ្យដឹងថា នៅខេត្តឧត្តរមានជ័យ កម្មវិធីនេះ កំពុងដំណើរការថ្នាក់បង្រៀនគែនដល់សិស្សស្រីចំនួន ៤នាក់ ដោយព្រឹទ្ធាចារ្យ ម៉ុន ហៃ។ អ្នកនាង សីម៉ា ក៏បង្ហើបពីគម្រោងរៀបចំមហោស្រពគែនមួយនៅកម្ពុជាយើង ក្នុងឆ្នាំ២០២០ផងដែរ។

ចំណែកលោកសាស្ត្រាចារ្យ វង្សថងខាំ ខាំសួន ប្រធានដឹកនាំក្រុមសិល្បករគែន លាវ ក៏បានបញ្ជាក់អំពីសកម្មភាពអប់រំបណ្ដុះបណ្ដាលជំនាន់ក្រោយលាវ ឲ្យចេះប្រគំគែន ដែលកំពុងតែដំណើរការក្នុងប្រទេសនេះ។ លោកក៏បានបង្ហាញពីក្ដីសង្ឃឹមក្នុងការបង្ហាញឧបករណ៍គែននេះ ឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ព្រោះគែន គឺជាសម្បត្តិរបស់មនុស្សជាតិទាំងអស់គ្នា៕(អត្ថបទ៖ ស៊ន សុខ ឃៀង)



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation