គណៈប្រតិភូគណៈកម្មការទី១ នៃព្រឹទ្ធសភា ជួបប្រជុំជាមួយអាជ្ញាធរខេត្តក្រចេះដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ខេត្តនិងពលរដ្ឋ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ កាលពីព្រឹកថ្ងៃសុក្រនេះ គណៈប្រតិភូគណៈកម្មការទី១ នៃព្រឹទ្ធសភា (គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យ បណ្តឹង និងអង្កេត) ដឹកនាំដោយឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា បើកកិច្ចប្រជុំជាមួយអភិបាលខេត្តក្រចេះ ដើម្បីធ្វើការសិក្សាស្វែងយល់អំពីការអនុវត្តនិងដោះស្រាយ ទៅលើសិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្តឹង បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន ។


ក្នុងកិច្ចប្រជុំ អភិបាលខេត្តក្រចេះ ឯ.ឧ  វ៉ា ថន មានប្រសាសន៍បញ្ជាក់ថា ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ បានបំពេញការងារទៅតាមវិស័យរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈមុះមុត សហការ សាមគ្គីរឹងមាំ រក្សាសន្តិសុខ សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គមបានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងការប្រកបមុខរបរប្រចាំថ្ងៃ ។


ឯ.ឧ វ៉ា ថន បន្តថា សម្រាប់សំណុំរឿងវិវាទដីធ្លីក្នុងខេត្តសរុប ៩៦ ករណី ក្នុងនោះបញ្ជូនមកពីក្រសួងរៀបចំដែនដី ចំនួន ៣៨ ករណី និងសំណុំរឿងក្នុងខេត្តចំនួន ៥៨ ករណី ក្នុងនោះក្រុមការងារដោះស្រាយវិវាទដីធ្លីរបស់ក្រសួងរៀបចំដែនដី មានចំនួន ៧ក្រុម បានចុះជួយដោះស្រាយបញ្ចាប់ទំនាស់ ១០០% បានចំនួន ២៦ ករណី កំពុងបន្តដោះស្រាយ ១២ ករណី ដោយឡែកសំណុំរឿងក្នុងខេត្តចំនួន ៥៩ករណី បានដោះស្រាយ១០០% ចំនួន ១៥ករណី និងកំពុងបន្តដោះស្រាយ ៤៣ ករណី។


អភិបាលខេត្តក្រចេះ អះអាងថា ក្នុងរយះពេលឡើងកាន់តំណែងជាអភិបាលខេត្ត ៥ ខែមកនេះ បានជួបនូវករណីចំនួន ៣ កើតឡើង គឺ៖

១-ករណីពុលទឹក-ពុលស្រានៅស្រុកចិត្របុរី ដែលបង្ករឲ្យមានអ្នកទទួលរងចំនួន ២៣៧ នាក់ ស្រី ១១៨ នាក់ ក្នុងនោះស្លាប់ ១៣នាក់ ស្រី ៨ នាក់ ។

២-ករណីពុលស្រាស នៅស្រុកស្នួល អ្នកទទួលរងចំនួន ៦២ នាក់ ស្រី ១៩ នាក់ ស្លាប់ ៣នាក់ ស្រី ២ក្នុងនោះដែរ អាជ្ញាធរ រួមមន្រ្តីសមត្ថកិច្ចជំនាញ បានចុះពនិត្យ និងប្រកាសបិបញ្ឈប់នូវការផលិត និងប្រើប្រាស់ ក្នុងតំបន់នោះ និងបានចុះសួរសុខទុក្ខផ្តល់នូវគ្រឿងបរិភាប និងទឹកប្រើប្រាស់ផងដែរ។

ទី៣-ករណីទឹកជំនន់តន្លេមេគង្គ បានកើនឡើងហួសកម្រិតប្រកាសអាសន្ន បណ្តាលឲ្យប៉ះពាល់ទៅលើក្រុង១ ស្រុកចំនួន៤ ស្មើនឹង៣០ ឃុំ-សង្កាត់ និងវិស័យជាច្រើន ក្នុងមាន វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងសត្វពាហៈនៈផងដែរ ក្នងនោះអាជ្ញាធរ បានចុះអន្តរាគមន៍ជួយសង្រ្គោះ ជំលៀសទៅទីទួលសុវត្ថិភាព និងផ្តល់នូវស្បៀង សម្ភារៈ ថវិការ រួមនិងឱសថព្យាបាល និងថ្នាំបង្ការសត្វពាហៈនៈផងដែរ។ ម្យ៉ាងវិញទៀត ខេត្តបានបង្កើតនូវមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន និងបានបែងចែកអ្នកទោសទៅតាមប្រភេទ បទល្មើសក្នុងពន្ធធនាគារ ហើយនឹងបន្តពង្រីកនូវអាគារបន្សាបបន្ថែមទៀត ។


ជាការឆ្លើយតបឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា បានបញ្ជាក់ថា គោលបំណងដែលចុះមកខេត្តក្រចេះពេលនេះ គឺដើម្បីធ្វើការសិក្សាស្វែងយល់អំពីអនុវត្តសិទ្ធិមនុស្ស ការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្តក្រចេះ។ឯ.ឧ ក៏ បានអរបអរខេត្តក្រចេះដែលមានមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ដែលជាផ្នែកមួយក្នុងការជួយកាត់បន្ថយនូវអ្នកញៀន និងកំពុងតែញៀនផងដែរ ។ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំ និងជម្រុញដល់អាជ្ញាធរខេត្ត រួមទាំងសមត្ថកិច្ចទាំងអស់ ត្រូវផ្សព្វផ្សាយច្បាប់ឱ្យដល់ប្រជាជននៅតំបន់ដាច់ស្រយាលក្នុងខេត្ត ដើម្បីឱ្យយល់ជាពិសេស បងប្អូនជនជាតិដើមភាគតិច នឹងត្រូវខិតខំដោះស្រាយបញ្ហានានាជូនពលរដ្ឋឱ្យបានល្អជាងមុនទ្វេដង ៕ (នាង ចាន់ថា )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation