ប្រជានេសាទប្រើតែសំបកខ្យងត្នោត ក៏អាចចាប់មឹកពីងពាងបានរាប់តោន និងរកចំណូលគួរសម
| ព័ត៌មានជាតិ
SHARE

កោះកុង៖ ប្រជានេសាទបានប្រើសំបកខ្យងត្នោត ឬខ្យងដូង ដើម្បីប្រកបមុខរបរនេសាទមឹកពីងពាងដែលសំបកខ្យងនេះត្រូវបានទិញពីប្រទេសវៀតណាមក្នុងតម្លៃមួយខ្ពស់គួរសម គឺបច្ចុប្បន្នសំបកមួយតម្លៃ៤០០០៛(បួនពាន់រៀល)។

សម្រាប់ទូកមួយគ្រឿងត្រូវការប្រើប្រាស់សំបកខ្យងរហូតដល់១០,០០០ ទៅ១២,០០០សំបកខ្យងឯណោះ ដើម្បីយកមកកែឆ្នៃចងធ្វើរនងសន្ទូចសម្រាប់ដាក់ពង្រាយនៅពេលនេសាទក្នុងសមុទ្រ ព្រោះពួកគាត់ធ្លាប់កត់សំគាល់ឃើញថា មឹកពីងពាងចូលចិត្តរកកន្លែងជ្រកតាមរន្ធថ្មនិងសំបកខ្យង ដែលប្រជានេសាទមួយចំនួនធ្លាប់ជួបប្រទះតាំងពីដើមឡើយមក ដូច្នេះហើយទើបពួកគាត់បង្កើតគំនិតច្នៃប្រឌិតមួយនេះឡើងនិងអនុវត្តតាមគ្នារហូតមកដល់បច្ចុប្បន្ន។

នេះបើយោងតាមការអះអាងរបស់លោក រិត រតនា ជាអ្នកប្រកបរបរនេសាទ ដែលធ្លាប់មានបទពិសោធលើមុខរបរមួយនេះអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយក្នុងតំបន់មាត់សមុទ្រ ក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

លោក រិត រតនា បានរៀបរាប់ពី ដំនើរជីវិតរស់នៅជាអ្នកប្រកបមុខរបរនេសាទមួយនេះ នាពេលកន្លងមកថា÷ ការចេញរកមឹកពីងពាង សម្រាប់១ជើងមិនទាបពី៣ទៅ៤តោន ក្នុងរយៈពេល៦យប់ ៦ថ្ងៃ ទើបត្រលប់មកផ្ទះវិញ ដោយប្រើសន្ទូចខ្យងត្នោតធ្វើជាធ្នាក់ ហើយក្នុង១ថ្ងៃលោកអាចរកមឹកពីងពាងបានមិនតិចជាង ៥០ទៅ៦០គីឡូនោះឡើយ ហើយសំរាប់ការលក់ចេញវិញគឺក្នុង១គីឡូបានត្រឹមតែ១ម៉ឺនរៀលទៅឲ្យឈ្មួញកណ្តាល។

ប្រជានេសាទរូបនេះបន្តទៀតថា លោកអាចរកប្រាក់កម្រៃបានក្នុង១ជើងរយៈពេល៦ថ្ងៃ ចាប់ពីមួយលានបីសែនរៀល(1,300,000 ៛) ទៅមួយលានប្រាំសែនរៀល(1,500,000៛) ដោយអាស្រ័យលើកត្តាអាកាសធាតុអំណោយផល៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation