ព័ត៌មានជាតិ

មន្ត្រីកសិកម្ម ខេត្តស្ទឹងត្រែង បើកយុទ្ធនាការចាក់វ៉ាក់សាំងលើសត្វគោ ដើម្បីទប់ស្កាត់ការរីករាលដាលជំងដុំពក 

image

អត្ថបទ៖  ម៉ាក មេត្តា

ស្ទឹងត្រែង៖ ការបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងដល់សត្វគោ ជូន​ប្រជាពលរដ្ឋ​ស្រុកសៀមប៉ាង នៃខេត្តស្ទឹងត្រែងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ  លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានឲ្យដឹងថា​ ប្រតិបត្តិការចាក់វ៉ាក់សាំង​ដល់សត្វគោ គឺធ្វើឡើងតែតំបន់ណាដែលមានផ្ទុះនូវជំងឺដុំពក តែប៉ុណ្ណោះ  មិនអាចធ្វើជាទូទៅបាននោះទេ។ 

លោក ទុំ នីរ៉ូ បានថ្លែងថា សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់គោ ក្របី ត្រូវថែរក្សាសត្វចិញ្ចឹមរបស់ខ្លួន   និងអនុវត្តតាមបច្ចេកទេសដែលមន្ត្រីបសុពេទ្យ បានណែនាំឲ្យបានល្អ    ត្រូវអនាម័យក្រោលគោឲ្យបានជាប្រចាំ  និងត្រូវលាងទឹកសត្វគោយ៉ាងហោចណាស់ពីរដងក្នុង១សប្តាហ៍  និងកុំលែងចោលឲ្យសត្វគោដើរពាសវាលពាសកាល    ព្រោះវាប្រឈមនឹងការឆ្លងនូវជំងឺដុំពកនេះ។

ជាមួយគ្នានេះ លោក ប្រធានមន្ទីរបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋអ្នកចិញ្ចឹមគោក្របីទាំងអស់ ចូលរួមសហការ ផ្តល់ព័ត៌មានឲ្យបានទាន់ពេលវេលា  មកកាន់មន្ត្រីបសុពេទ្យ  នៅតាមមូលដ្ឋានឲ្យបានឆាប់រហ័សផងដែរក្នុងករណីសត្វគោកើតជំងឺដុំពក ដើម្បីមានចំណាត់ការភ្លាមៗ    ក្នុងការទប់ស្កាត់កុំឲ្យជំងឺដុំពកនេះ   រីករាលដាលទៅលើគោក្របីផ្សេងៗទៀត។ 

 លោកទុំ  នីរ៉ូ  ក៏បានបញ្ញាក់បន្ថែមផងដែរថា  គិតត្រឹមថ្ងៃទី១៤  ខែកញ្ញា  ឆ្នាំ២០២១នេះ   មន្ទីរ កម្មរុក្ខាប្រមាញ់និងនេសាទចុះចាក់វ៉ាក់សាំងដល់សត្វគោ  ក្របីសរុប១៨១៦១ក្បាល។ ក្នុងនោះវ៉ាក់សាំងការពារជំងឺសារទឹកចាក់បាន១.២៥៧១ក្បាល   វ៉ាក់សាំងការពារជំងឺអុតក្តាមចាក់បាន៤.៥៩០ក្បាល   វ៉ាក់សាំងកាពារជំងឺដុំពកចាក់បាន១.០០០ក្បាល។        

ទន្ទឹមនឹងនេះ លោកសៀង  មេងហ៊ង ប្រធានការិយាល័យផ្នែកបសុសត្វ  នៃមន្ទីរកសិកម្មបានបញ្ជាក់ថា   បញ្ហាប្រឈមខាងលើនេះ  មន្ត្រីជំនាញបសុពេទ្យ  បានចុះផ្សព្វផ្សាយទៅអាជ្ញាធរមួលដ្ឋានរួចហើយ   ឲ្យម្ចាស់គោក្របីបង្កើនការការពារ  ថែទាំ  អនាម័យ   ហើយបើមានកើតជំងឺដុំពក   សូមផ្តល់ដំណឹងទៅអាជ្ញាធរដែលនៅជិតបំផុត   ដើម្បីយើងរួមគ្នាដោះស្រាយបញ្ហា។     

ចំណែកប្រជាពលរដ្ឋនៅស្រុកសៀមប៉ាងក៏បានថ្លែងអំណរគុណចំពោះមន្ត្រីបសុពេទ្យ  ដែលបានចុះចាក់វ៉ាក់ការពារជំងឺដុំពកដល់សត្វគោ  ក្របីបានទាន់លពេលវេលាផងដែរ។

 សូមបញ្ជាក់ថា  ជំងឺដុំពកលើសត្វគោ  ក្របីនេះ   វាមិនបណ្តាលឲ្យឆ្លងមកមនុស្សបាននោះទេ៕