ព័ត៌មានជាតិ

ដំណឹងល្អ! ក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់សហរដ្ឋអាមេរិក នឹងបង្កើតរោងចក្រផ្គុំ និងតម្លើងរថយន្ត នៅស្រុកក្រគរ ខេត្តពោធិ៍សាត់

image

ពោធិ៍សាត់៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញានេះ បានបើកកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes។ 

រោងចក្រផលិតរថយន្តនេះ គ្រោងនឹងបង្កើតឡើងនៅភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចស្រូបយកកម្លាំងពលកម្ម បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

គំរោងវិនិយោគថ្មីនេះ ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋបាលខេត្តពោធិសាត់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការកៀរគរ ប្រមែប្រមូល និងជំរុញការអភិវឌ្ឍន៍លើគ្រប់វិស័យ ហើយគំរោងវិនិយោគថ្មីនេះ បានបង្ហាញអំពីវឌ្ឍនភាព និងការរីកចំរើនក្នុងវិស័យយានយន្តនៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងសង្ឃឹមយ៉ាងមុតម៉ាំថា រោងចក្រនេះ ដែលបង្កើតនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់នេះ នឹងធ្វើឱ្យមានការលើកកម្ពស់នូវជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសគឺទទួលបាននូវការស្រូបយកទីផ្សារពលកម្មក្នុងស្រុក។

ទោះយ៉ាងណា គេនៅមិនទាន់ដឹងពីព័ត៌មានលម្អិតនៃគម្រោងវិនិយោគនេះនៅឡើយទេ ខណៈដែលគណៈកម្មាធិការវិនិយោគកម្ពុជា កំពុងធ្វើការពិនិត្យនិងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ៕