ព័ត៌មានជាតិ

ទេសាភិបាលធនាគារជាតិថា កម្ពុជារក្សាសម្ពាធអតិផរណាបានក្នុងកម្រិតទាបជាង ៣% ជាមួយស្ថិរភាពអត្រាប្តូរប្រាក់ ប្រែប្រួលទាបជាង ២%

image

អត្ថបទ៖ សុខ លីដា

ភ្នំពេញ៖ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអះអាងថា ទោះបីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយក៏ដោយ ក៏ប៉ុន្តែការគ្រប់គ្រងសម្ពាធអតិផរណា ដោយកម្ពុជារក្សាបានក្នុងកម្រិតទាបជាង ៣% ជាមួយស្ថិរភាពអត្រាប្តូរប្រាក់ គឺប្រែប្រួលទាបជាង ២%ប៉ុណ្ណោះ ។

ការលើកឡើងរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា យ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងជំនួបស្វាគមន៍ក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Alasdair Scott សេដ្ឋវិទូជាន់ខ្ពស់ និងជាប្រធានក្រុមបេសកកម្មពិគ្រោះយោបល់មាត្រា IV សម្រាប់កម្ពុជា តាមរយៈប្រព័ន្ធអនឡាញ កាលពីម្សិលមិញនេះ។

ក្នុងកិច្ចពិភាក្សានេះ លោកទេសាភិបាល បានបញ្ជាក់ថា កម្ពុជាក៏បានរក្សាកម្រិតខ្ពស់គ្រប់គ្រាន់នៃទុនបម្រុងអន្តរជាតិ ដែលអាចធានាការនាំចេញទំនិញនិងសេវាប្រមាណ ១០ខែ។ ទន្ទឹមនេះ ប្រព័ន្ធធនាគារក៏បានរក្សាភាពធន់ និងបានរួមចំណែកក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសបានជួយដល់វិស័យដែលទទួលរងផលប៉ះពាល់និងប្រជាជនងាយរងគ្រោះ។

ជាមួយគ្នានេះ លោក Alasdair Scott បានជម្រាបជូនពីគោលបំណងនៃការបំពេញបេសកកម្មរយៈពេល២ សប្តាហ៍នេះ គឺចាប់ពីថ្ងៃទី១៣-២៧ ខែកញ្ញា ឆ្នាំ២០២១ និងបានថ្លែងការកោតសរសើរពីវិធានការរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការកាត់បន្ថយឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមជម្រាបថា បេសកកម្មពិគ្រោះយោបល់មាត្រា IV ជាបេសកកម្មរបស់ IMF ដែលត្រូវបានធ្វើឡើងជាប្រចាំឆ្នាំ នៅគ្រប់បណ្តាប្រទេសជាសមាជិក ក្នុងគោលបំណងតាមដានស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលើកជាអនុសាសន៍គោលនយោបាយសម្រាប់អនុវត្តសំដៅគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច៕