ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ទទួលសម្ភារបរិក្ខាពេទ្យពី Leisure Asia Corporation ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និង ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩

image

ភ្នំពេញ៖ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់សហគ្រាស ផលិតបរិក្ខារពេទ្យ Leisure Asia Corporation ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និង ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ សហគ្រាសផលិតបរិក្ខារពេទ្យ Leisure Asia Corporation បានផ្ដល់ជូនទឹកសម្លាប់មេរោគធម្មជាតិ Ebiodis រួមមាន

១) ចំណុះ ៣០លីត្រ ចំនួន ២៤០០កាន 

២) ចំណុះ ៥០០មីលីលីត្រ ចំនួន ១២០កេស និង ៣) ចំណុះ ១០០មីលីលីត្រ ចំនួន ១២០កេស។

លោកស្រីអគ្គនាយិកាសហគ្រាសផលិតបរិក្ខារពេទ្យ Leisure Asia Corporation សម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។

លោកមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សហគ្រាស ផលិតបរិក្ខារពេទ្យ Leisure Asia Corporation ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាល ព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បា នថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ ថ្លៃថ្លារបស់សហគ្រាស ផលិតបរិក្ខារពេទ្យ Leisure Asia Corporation គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយ រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែល យើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាលនៃ ជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ដោយ គង់ វណ្ណៈ