ព័ត៌មានជាតិ

កំពុងមានហាងឆេង! អយស្ទ័រ កំពុងមានតម្រូវការខ្លាំងនៅខេត្តកំពត រហូតដល់រកមកលក់ឱ្យអតិថិជនមិនទាន់

image

កំពត៖ កាលពីជាង១០ឆ្នាំមុន សឹងតែគ្មាននរណាដឹងថា អយស្ទ័រ អាចហូបកើតនោះទេ មានអ្នកខ្លះ ធ្លាប់បានផ្ញើទៅឱ្យញាតិមិត្តភ្លក់​អស់រាប់ពាន់គ្រាប់ឯណោះ​ទើបមានអ្នកចេះហូប។ ប៉ុន្តែបច្ចុប្បន្នមានអតិថិជនធ្វើការកម្មង់ទិញច្រើន រហូតរកអយស្ទ័រលក់មិនទាន់ ដោយសារតំបន់នៅជិតៗមិនសូវសម្បូរអយស្ទ័រដូចពីមុនទេ។ នេះបើយោងតាមការលើកឡើងដោយអ្នកលក់អយស្ទ័រនៅភូមិកោះតូច សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។ 

អ្នកលក់អយស្ទ័រម្នាក់ នៅតូបយីយោ កសិករ ស៊ីណេត ហៅ ម៉ាក់ ស៊ីណា បានឱ្យដឹងថា គាត់បានចាប់យកមុខរបរលក់អយស្ទ័រ អស់រយៈពេលជាង ១០ឆ្នាំ មកហើយ។ កាលពីមុននៅភូមិកោះតូច មានតែចំនួន ៣តូប ប៉ុណ្ណោះដែលលក់អយស្ទ័រ ហើយពេលនោះគាត់លក់ដោយខំអង្វរគេឱ្យជួយភ្លក្ស ស្ទើរតែគ្មានអ្នកចាប់អារម្មណ៍ ប៉ុន្តែបច្ចុប្បន្ន រកតែអយស្ទ័រលក់សឹងមិនទាន់ផង។ ចំពោះការវេចខ្ចប់ និងអ្នកមុជទឹករក អយស្ទ័រ ពីមុនធ្វើជាលក្ខណៈគ្រួសារប៉ុណ្ណោះ តែរហូតមកដល់ពេលនេះ បានពង្រីកកម្លាំងឈ្នួលសរុបជាង ៣០នាក់ ឯណោះ។ ក្រោយពីចាប់យកមុខរបរលក់អយស្ទ័យមក ទាំងគ្រួសារលោកស្រី និងកូនឈ្នួល មានជីវភាពសមរម្យទាំងអស់គ្នា ព្រោះអាចរកចំណូលបានច្រើនគួរសមក្នុងមួយថ្ងៃៗ។ ក្នុងមួយថ្ងៃៗតូបរបស់អ្នកស្រី លក់អ័យស្ទ័របានជាង ១ម៉ឺនគ្រាប់ គិតទាំងការលក់រាយ និងបោះដុំ ហើយចំពោះតម្លៃមានចាប់ពី ៤០០រៀលក្នុងមួយគីឡូក្រាម ឡើងទៅ តាមទំហំ។ ចំពោះអតិថិជននៅក្រៅខេត្តក៏អាចកម្មង់ទិញអ័យស្ទ័របានដែរ ព្រោះមានសេវាដឹកជញ្ជូនគ្រប់ខេត្តក្រុង។

ជាមួយគ្នានេះ លោក ពន្លឺ អាយុ ៦៨ឆ្នាំ រស់នៅភូមិកោះតូច បានឱ្យដឹងថា ជំនាន់នៅក្មេងៗ មិនដែលដឹងទេថា អយស្ទ័រ អាចហូបបាន ពិសេសមិនដឹងថា អយស្ទ័រ ខេត្តកំពត មានរស់ជាតិ និងលក្ខណៈពិសេសអាចយកទៅកែច្នៃធ្វើជាម្ហូបអាហារ​បានច្រើន​មុខ​ដូច្នេះទេ។ ដោយសារមានអ្នកនិយមទទួលទានច្រើន មកដល់ពេលនេះ ធ្វើឱ្យអយស្ទ័រ កាន់តែពិបាករក និងបានធ្វើឱ្យប្រាក់ចំណូលនាពេលបច្ចុប្បន្នបានធ្លាក់ចុះជាងមុនបន្តិច។ 

ដោយឡែក លោក សាក់វៃ អ្នកមុជទឹករក អយស្ទ័រ បានឱ្យដឹងថា លោកចេញទូកទៅរក​អយស្ទ័រនៅពេលព្រឹកព្រលឹម ហើយចូលទូកវិញនៅពេលរសៀល។ ទូកមួយសម្រាប់​១ក្រុម មានគ្នា៤ ទៅ ៥នាក់(មានអ្នកមុជទឹក និងអ្នកចាំមើលស្ថានភាពនៅខាងលើទឹក)។ អយស្ទ័រ វារស់នៅតាមតំបន់កោះ និងថ្មក្នុងបាតសមុទ្រ ដែលមានជម្រៅទឹកចាប់ពី ៦ទៅជាង ១០ម៉ែត្រ។ ការចុះមុជរាវរក ត្រូវការជាចាំបាច់ម៉ាស៊ីនខ្យល់សម្រាប់បង្កើត អ៊ុកស៊ីសែន តាមទុយោ ដើម្បីអ្នកមុជក្នុងទឹកដកដង្ហើម ហើយអ្នកនៅខាងលើត្រូវតែមានការប្រុងប្រយ័ត្នជានិច្ចក្នុងការត្រួតពិនិត្យម៉ាស៊ីននេះ។ 

សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់អ្នកលក់អយស្ទ័រ បានអះអាងថា ដោយសារតែខ្វះអយស្ទ័រ ឬរកពីសមុទ្រមិនទាន់ និងដោយសារមានទីផ្សារនោះ មានអាជីវករមួយចំនួនក៏បានយកអយស្ទ័រចិញ្ចឹមពីប្រទេសវៀតណាមមកលក់។ អយស្ទ័រវៀតណាមធំៗ មានសាច់ច្រើន តែមានរស់ជាតិមិនឆ្ងាញ់ដូចអ័យស្ទ័រខេត្តកំពតទេ។ បច្ចុប្បន្ន អ្នកភូមិកោះតូច ចង់រៀនពីបច្ចេកទេសចិញ្ចឹមអយស្ទ័រកំពតដែរ ប៉ុន្តែមិនដឹងទៅរៀនបច្ចេកទេសនេះនៅឯណា៕

អត្ថប៖ វង្ស សុធារម្យ