ព័ត៌មានជាតិ

បទល្មើសនេសាទ ២៨កន្លែងត្រូវបានបង្ក្រាបនៅខេត្តកំពង់ឆ្នាំង 

image

អត្ថបទ៖ ហឹង ចូច

កំពង់ឆ្នាំង៖ បទល្មើសនេសាទរបាំងសាច់អួនក្ររឡាញឹក ២៨កន្លែង ត្រូវបានកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល សហការជាមន្ត្រីអាជ្ញាធរ សហគមន៍នេសាទ និងកម្លាំងសមត្ថកិច្វ ចុះបង្ក្រាបជាបន្តបន្ទាប់ នៅក្នុងសប្តាហ៍កន្លងទៅ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កន្លងទៅមន្រ្តីជំនាញរដ្ឋបាលជលផល តែងតែបានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដល់ប្រជានេសាទ ដែលរស់នៅតាមដងទន្លេនិងបានចុះបង្ក្រាបបទល្មើសនេសាទដែលមាននៅតាមតំបន់មួយចំនួន ជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ប៉ុន្តបទល្មើសនេសាទនៅតែកើតមាន នេះគឺអាស្រ័យដោយមានជនខិលខូចមួយចំនួន ដែលពួកគេគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ដោយមិនបានគិតពីភាពវិនាសហិនហោចនៃមច្ឆជាតិឡើយ ។

លោកបានបញ្ជាក់ថា នៅក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល សហការជាមន្ត្រីអាជ្ញាធរ សហគមន៍នេសាទ និងកម្លាំងសមត្ថកិច្វ ចុះបង្ក្រាបបទល្មើសរបាំងសាច់អួន ចំនួន ២៨កន្លែង ប្រវែង ៨៥០ម៉ែត្រ លូ ២៨មាត់បង្គោល ៨០០ដើម និង ចាក់លែងត្រីចម្រុះចំនួន ៣០០គីឡូក្រាម៕