ព័ត៌មានជាតិ

អាជ្ញាធរសម្រេចផ្អាកសកម្មភាពលក់ដូរម្ហូបអាហារ និងគ្រឿងស្រវឹងក្នុងស្រុកកំពង់លែង ក្រោយរកឃើញមានអ្នកឆ្លងកូវីដ-១៩ បំប្លែងថ្មី

image

អត្ថបទ៖ ហឹង ចូច

កំពង់ឆ្នាំង៖ អាជ្ញាធរស្រុកកំពង់លែង សម្រេចផ្អាកសកម្មភាពលក់ដូរជាបណ្តោះអាសន្ន ចំពោះភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់បាយ ម្ហូប និងការលក់ដូរគ្រឿងស្រវឹងទាំងអស់ នៅ ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ចាប់ពីថ្ងៃទី១៣ ខែកញ្ញា តទៅរហូតដល់មានការជូនដំណឹងជាថ្មី។

ការសម្រេចផ្អាកសកម្មភាពលក់ដូរម្ហូបអាហារ និងគ្រឿងស្រវឹង នៅទូទាំងស្រុកកំពង់លែង នាពេលនេះ គឺដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ក្រោយរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទដែលតាចំនួន ១៨នាក់ នៅ ឃុំសំរោងសែន។

ជាមួយគ្នានេះ អាជ្ញាធរស្រុកកំពង់លែង ក៏ហាមឃាត់ជាបណ្តោះអាសន្ន ចំពោះពិធីជួបជុំគ្រប់ប្រភេទ ដូចជា ការជប់លៀងផឹកស៊ី រៀបចំកម្មវិធី សែនព្រេនកូនចៅ និងពិធីបុណ្យផ្សេងៗ លើកលែងតែពិធីបុណ្យសពប៉ុណ្ណោះ។

អាជ្ញាធរស្រុកក៏ណែនាំដល់ថ្នាក់ដឹកនាំឃុំ ភូមិ និងសមត្ថកិច្ច ត្រូវបន្តផ្សព្វផ្សាយជំរុញឱ្យប្រជាពលរដ្ឋទូទៅនៅគ្រប់មូលដ្ឋានក្រុមគ្រួសារ និងគ្រប់ទីកន្លែង ជាពិសេសទីផ្សារ ទីប្រជុំជន ត្រូវអនុវត្តវិធានការ៣ការពារ និង ៣កុំ ” ឱ្យបានហ្មត់ចត់៕