ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀងនៅស្រុកចំនួន៣ ជាប់ព្រំដែនថៃ បានស្រកចុះវិញហើយ ខណៈស្រុកមង្គលបូរីកំពុងរងទឹកជំនន់ទៅវិញ

image

បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀង ដែលបានហូរធ្លាក់មកពីប្រទេសថៃ បណ្ដាលឱ្យស្រុកមួយចំនួននៅជាប់ព្រំដែនដូចជាស្រុកថ្មពួក អូរជ្រៅ និងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ដែលបានរងការជន់លិចរយៈពេលខ្លីនោះ បានស្រកចុះវិញហើយ ខណៈដែលស្រុកមង្គលបុរី កំពុងរងហានិភ័យដោយសារទឹកជំនន់ទៅវិញ។

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ គេសង្កេតឃើញថា ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ដែលកន្លងមករងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងដែលស្រកមកពីប្រទេសថៃនោះ នៅពេលនេះបានស្រកជាបណ្តើរៗ ដោយសារតែមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសក្រុងប៉ោយប៉ែត ដែលមានការយកចិត្តទុកដាក់ពី លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះផ្ទាល់ និងបញ្ជូនគ្រឿងចក្រទៅកាយប្រឡាយដើម្បីពន្លឿនឱ្យទឹកហូរស្រកទៅក្រោម។

ទាក់ទងនឹងបញ្ហានេះដែរ លោក ឡាយ សូធី អនុប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កម្រិតទឹកនៅពេលនេះមិនទាន់មានសភាពធ្ងន់ធ្ងររហូតដល់ប្រកាសអាសន្ននៅឡើយទេសម្រាប់ខេត្តបន្ទាយមានជ័យ។ ចំណែកនៅតាមបណ្ដាស្រុកមួយចំនួនក៏រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ហើយក្នុងភូមិសាស្ត្រខ្លះមិនធ្វើឱ្យប៉ះពាល់ដល់ផលដំណាំប្រជាពលរដ្ឋនោះទេ។ ស្រុកមង្គលបូរីថ្ងៃទី១៤ ខែកញ្ញា ឡើងដល់ ៥ហ៊ុន បើប្រៀបធៀបថ្ងៃទី១៣ ខែកញ្ញា។ ចំពោះស្រុកម៉ាឡៃ និងទីក្រុងប៉ោយប៉ែត មិនមានលិចទឹកនោះទេ ចំណែកស្រុកអូរជ្រៅមានការលិចលង់ខ្លះដែរ ប៉ុន្តែមិនទាន់ដល់កម្រិតប្រកាសអាសន្ន។

ដោយឡែកស្រុកថ្មពួក មានជំនន់ទឹកភ្លៀងរយៈពេលខ្លី តែត្រូវបានស្រកទៅវិញបណ្ដើរៗ និងស្រុកភ្នំស្រុក មានការជន់លិចជាអន្លើៗ នៅក្នុងនោះមានភូមិកូនខ្លែង ឃុំប៉ោយចារ មានការលិចផ្លូវក្នុងភូមិខ្លះៗ តែចំពោះផលដំណាំប្រជាពលរដ្ឋមិនមានផលប៉ះពាល់នោះទេ៕

ដោយ៖ ប៊ុន ចាន់ថន