ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីសុខភាពក្រោយពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ បន្ទាប់ពីចាក់បានជាង១០ម៉ោង

image

អត្ថបទ លោក ហ៊ន សុភ័ក្រ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២១នេះ បានបញ្ជាក់ពីសុខភាពសម្តេច ក្រោយពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ។

តាមការសរសេររៀបរាប់តាមហ្វេសបុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញរយៈពេល ១០ម៉ោងកន្លងមកនេះសុខភាពខ្ញុំល្អណាស់ មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ»។

សម្តេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «ខ្ញុំនៅធ្វើការដោយពិនិត្យ និងចុះហត្ថលេខាលើឯកសារជាធម្មតា»។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «អ្វីដែលខុសពីធម្មតា គឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណនៅថ្ងៃស្អែកវិញ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានសរសេរបន្តថា «ចំណែកភរិយាខ្ញុំកាន់តែប្រសើរ ព្រោះក្រោយការចាក់វ៉ាកសាំងភ្លាម គាត់ធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតា ព្រោះថ្ងៃនេះជាថ្ងៃសីល»។

សូមជម្រាបថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ បានទទួលវ៉ាក់សាំងដូសទី៣ ឬដូសជំរុញ៕