ព័ត៌មានជាតិ

កំពង់ឆ្នាំងកាន់តែធ្ងន់ហើយ! ថ្ងៃនេះរកឃើញអ្នកវិជ្ជមាន ៦៦នាក់ និងស្លាប់ម្នាក់ ដោយសារជំងឺកូវីដ១៩

image

អត្ថបទ៖ ហឹង ចូច

កំពង់ឆ្នាំង៖ ថ្ងៃនេះខេត្តកំពង់ឆ្នាំង បានរកឃើញមនុស្សចំនួន ៦៦នាក់បន្ថែមទៀត ឆ្លងកូវីដ១៩ និងអ្នកជំងឺម្នាក់បានស្លាប់។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកវិជ្ជមានកូវីដ១៩ ដែលទើបនឹងរកឃើញថ្មីទាំង ៦៦នាក់នេះ ជាអាជីវករ កសិករ បុគ្គលិកធនាគារ និងសិស្ស។

ដោយឡែកអ្នកស្លាប់ម្នាក់ដោយសារជំងឺកូវីដ១៩ ឈ្មោះ ឡេង គឹមសាន ភេទប្រុស អាយុ ៧២ឆ្នាំ ជនជាតិខ្មែរ នៅភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុង ខេត្តកំពង់ឆ្នាំង។

រដ្ឋបាលខេត្តខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់បានប្រាស្រ័យទាក់ទងដោយផ្ទាល់ ឬប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ១៩ ខាងលើក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តកំពង់ឆ្នាំង រកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣.១២៣នាក់ អ្នកជំងឺជាសះស្បើយសរុបចំនួន ២.៦៨៤នាក់ ស្លាប់ចំនួន៩៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣៤៦នាក់៕