ព័ត៌មានជាតិ

កម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបន្តហក់ឡើងជាលើកទី២ខណៈព្រែកចំនួន១៣ទទួលរបបទឹកទន្លេមេគង្គជាបន្តបន្ទាប់ៗ

image

អត្ថបទ​៖​ ហ៊ាង​ថាច​

កំពង់ចាម​៖​ នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១នេះស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តកំពង់ចាមបាន បន្តឡើងជាលើកទី២ដល់កម្ពស់១១,៩២ម៉ែត្រធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង១,៤១ម៉ែត្រ ហើយកម្ពស់ទឹកនាពេលនេះបើធៀបទៅនឹងឆ្នាំ២០២០ទឹកមាន កម្ពស់ត្រឹម៦,៤៧ម៉ែត្រ។  នេះបើយោងតាមរបាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាម។ 

ស្ថានភាព កម្ពស់ទឹកបែបនេះបានធ្វើឲ្យទឹកទន្លេហូរចូលព្រែកចំនួន១៣ក្នុងចំណោមព្រែកទាំង៤១ ហើយព្រែកទាំង១៣នោះរួមមានក្នុងស្រុកស្ទឹងត្រង់៤ កំពង់សៀម២ កោះសូទិន១ និងស្រុក កងមាស៦។

ដោយឡែកបើយោងតាមការព្យាការរបស់ក្រសួងធនធានទឹកវិញនៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០២១ទឹកទន្លេមេគង្គខេត្តស្ទឹងត្រែង ក្រចេះ នឹងស្រកចុះវិញ ហើយនៅថ្ងៃទី១៧ ទឹកទន្លេ ខេត្តក្រចេះ ស្ទឹងត្រែង និងកំពង់ចាមនឹងបន្តស្រកចុះដូចគ្នា។ 

ពាក់ព័ន្ធទៅនឹងស្ថានភាពកម្ពស់ទឹកទន្លេមេគង្គនេះដែរ​ ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ខេត្តកំពង់ចាមបានលើកឡើងថាប្រសិនបើទឹកទន្លេឡើងខ្ពស់ទឹកអាចហូរចូលព្រែក និងនាំមក នូវដីល្បាប់ដែលធ្វើឲ្យផលដំណាំរបស់ពួកគាត់លូតលាស់ល្អ និងមិនធ្វើឲ្យដីរឹងពិបាកដាំដុះ នោះទេ។ 

បើតាមលោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផលកមពង់ចាមបានឲ្យដឹងថា ប្រសិនបើទឹកឡើងធំគឺត្រីមានសុវត្ថិភាពកន្លែងត្រីពង បើទឹកតូចមិនមានសុវត្ថិភាពត្រីពងកូន នោះទេ ហើយអាចប្រឈមនឹងការខ្សត់ត្រីនៅក្នុងទន្លេ។ 

ទាក់ទងទៅនឹងស្ថានភាពកម្ពស់ទឹក ទន្លេនេះដែរជារៀងរាល់ឆ្នាំនៅរដូវទឹកតំឡើងក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់រួចហើយ ដូចជាទូកសម្រាប់ធ្វើដំណើរ ស្មៅគោ ទីទួលសុវត្ថិភាពសម្រាប់គោ មាន់ ទា អូសដុត ចំណីរ អាហារជាដើម៕