ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអនុព័ន្ធយោធាចិនប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា ដែលត្រូវបញ្ចប់អាណត្តិ

image

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យ លោកវរសេនីយ៍ឯកពិសេស Li Jingfeng អនុព័ន្ធយោធានៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងជម្រាបលា មុនបញ្ចប់បេសកកម្មការទូតយោធានៅកម្ពុជា នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងជំនួបនេះ អនុព័ន្ធយោធាចិនបានជម្រាបជូន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អំពីលទ្ធផលការងារជាច្រើន ដែលលោកខិតខំសម្រេចបានក្នុងរយៈពេលជិត ២ឆ្នាំកន្លងមកនេះ ជាពិសេសលើកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលបានកើតឡើងចំពេលដើមអាណត្តិការងាររបស់លោកតែម្តង។ ក្រៅពីនេះ លោកវរសេនីយ៍ឯកពិសេស Li Jingfeng បានអរគុណលោក ហ៊ុន ម៉ាណែត ដែលតែងយកចិត្តទុកដាក់ផ្តល់ការគាំទ្រ និងជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ព្រមទាំងស្នាដៃសមិទ្ធិផលការងារទាំងឡាយរបស់លោកវរសេនីយ៍ឯកពិសេស Li Jingfeng ក្នុងរយៈកាលកន្លងមកនេះ ដែលពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសការផ្តល់នូវការជួយឧបត្ថម្ភគ្រប់បែបយ៉ាងក្នុងដំណាក់កាលដែលកងទ័ពកម្ពុជាកំពុងប្រឈមដោះស្រាយបញ្ហានៃការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះ លោកអគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ក៏បានអរគុណចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនចិន ដែលតែងបានចូលរួមចំណែកក្នុងដំណើរការនៃការកសាងស្ថាបនាកម្ពុជា ទាំងលើការអភិវឌ្ឍសេដ្ឋកិច្ច ការលើកកម្ពស់សុខមាលភាពប្រជាជន ការបណ្តុះបណ្តាលធនធានមនុស្ស និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តធំៗ និងសំខាន់ៗនានាជាច្រើន។ 

ក្នុងកាលៈទេសៈលំបាកចំពោះមុខបង្កឡើងដោយជំងឺកូវីដ-១៩ កម្ពុជាក៏បានទទួលនូវការឧបត្ថម្ភគាំទ្រគ្រប់លទ្ធភាព និងមធ្យោបាយ ក្នុងនោះមានទាំងការញ្ជូនក្រុមគ្រូពេទ្យជំនាញមកចែករំលែកបទពិសោធន៍ ការបរិច្ចាគសម្ភារ-បរិក្ខារវេជ្ជសាស្ត្រ និងការផ្តល់នូវវ៉ាក់សាំងទាំងក្នុងក្របខ័ណ្ឌជំនួយ និងការសម្របសម្រួលការបញ្ជាទិញ រហូតកម្ពុជាអាចឈានដល់ការសម្រេចជោគជ័យក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស គួរជាទីមោទនៈ៕

ដោយ៖ មួង សុវណ្ណារិទ្ធ