ព័ត៌មានអន្តរជាតិ

វៀតណាម ត្រូវការធនធានមនុស្សផ្នែក ICT ចំនួន ១លាននាក់បន្ថែមទៀត នៅឆ្នាំ ២០៣០

image


ហាណូយ៖ តម្រូវការធនធានមនុស្សសម្រាប់បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ទូទៅ និងបញ្ញាសិប្បនិម្មិត (AI) នៅវៀតណាម បានកើនឡើងឥតឈប់ឈរ ហើយតម្រូវការនេះនឹងមានប្រហែល ១លាននាក់បន្ថែមទៀត នៅក្នុងប្រទេសនេះនៅឆ្នាំ ២០៣០ខាងមុខ។ នេះបើយោងតាមបណ្តាញ AI វៀតណាម-អូស្ត្រាលី ដែលត្រូវចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។

នៅឆ្នាំ ២០១៩ ចំនួនបុគ្គលិកសរុបដែលកំពុងធ្វើការនៅក្នុងឧស្សាហកម្ម ICT របស់វៀតណាមមានចំនួនសរុបប្រហែល ៩៧ម៉ឺននាក់ ដែលក្នុងនោះមានប្រហែល ១៨ម៉ឺននាក់ ធ្វើការនៅផ្នែក Software និងឌីជីថល និង ១.៦០០នាក់ ជាអ្នកស្រាវជ្រាវ AI (ទាំងក្នុងស្រុក និងបរទេស)។

បច្ចុប្បន្ននេះមានសាកលវិទ្យាល័យចំនួន ៥០ កំពុងបណ្តុះបណ្តាលជំនាញដែលទាក់ទងនឹង AI នៅប្រទេសវៀតណាម។

បណ្តាញនេះបាននិយាយថា ក្នុងកំឡុងឆ្នាំ ២០១០-២០១៨ វៀតណាមមានពាក្យសុំប៉ាតង់ AI ចំនួន ៣៧២ ដែលជាប់ចំណាត់ថ្នាក់លេខ ២ នៅអាស៊ាន។

កាលពីពេលថ្មីៗនេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានបើកដំណើរការបណ្តាញកិច្ចសហប្រតិបត្តិការវៀតណាម - អូស្ត្រាលី ដោយមានគោលបំណងជួយលើកកម្ពស់យុទ្ធសាស្ត្រ AI ជាតិ។

បណ្តាញនេះ បានប្រមូលផ្តុំបុគ្គលអាជីវកម្ម និងអង្គការវៀតណាមដែលកំពុងធ្វើការនៅក្នុងផ្នែក AI ទាំងក្នុង និងក្រៅប្រទេស ដើម្បីសហការជាមួយដៃគូអូស្ត្រាលី ហើយសង្ឃឹមថានឹងបម្រើជាតម្រូវការសម្រាប់ការកសាងសហគមន៍នៃកិច្ចសហប្រតិបត្តិការ AI ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសវៀតណាម និងពិភពលោកនាពេលអនាគត។

តាមរយៈបណ្តាញនេះវៀតណាមទន្ទឹងរង់ចាំរៀនសូត្រពីប្រទេសអូស្ត្រាលី ក៏ដូចជាបណ្តាប្រ ទេសដទៃទៀត ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការអភិវឌ្ឍវិស័យ AI នៅប្រ ទេសរបស់ខ្លួន ដើម្បីសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតាដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រ AI ជាតិ ដែលនាំប្រទេសវៀតណាមឈានដល់ចំណាត់ថ្នាក់កំពូលទាំងបួននៅតំបន់អាស៊ាន និងកំពូលទាំង ៥០ នៅលើពិភពលោកក្នុងការស្រាវជ្រាវ ការអភិវឌ្ឍ និងការអនុវត្តបច្ចេកវិទ្យា AI នៅឆ្នាំ ២០៣០។

ក្រសួងវិទ្យាសស្ត្រ និងបច្ចេកវិទ្យាវៀតណាម កំពុងអំពាវនាវឱ្យបុគ្គល និងអង្គការទាំងអស់ដែលធ្វើការក្នុងផ្នែក AI នៅវៀតណាមចូលរួមក្នុងបណ្តាញនេះដោយកំណត់គោលដៅអាជីវកម្មយ៉ាងហោចណាស់ ១០០ និងបុគ្គល ១.០០០នាក់ ដើម្បីចូលរួមក្នុងបណ្តាញហ្វេសប៊ុក៕