កូរ៉េ ជួយកម្ពុជា ក្នុងគម្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាសំណង់ក្នុងរយៈពេល២ឆ្នាំទៀត
| ព័ត៌មានជាតិ
SHARE

សេអ៊ូល៖ កំឡុងពេលនៃដំណើរទស្សនកិច្ច របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ទៅកាន់KICT ទីក្រុងសេអ៊ូល ប្រទេសកូរ៉េ នាថ្ងៃទី១៨ ខែកញ្ញា នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅបំពេញទស្សនកិច្ច នៅវិទ្យាស្ថានបច្ចេកវិជ្ជាសំណង់កូរ៉េ (KICT) ដែលមានទីតាំង នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

លោក Sung Heon Han ប្រធានវិទ្យាស្ថាន KICT បានណែនាំគណៈប្រតិភូឱ្យស្គាល់បច្ចេកវិទ្យាសំណង់ ធំៗរបស់កូរ៉េ ប្រព័ន្ធលើកកម្ពស់សុវត្ថិភាពសំណង់ និងចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងសម្ភារៈការដ្ឋាន។ 

ជាមួយគ្នានេះផងដែរ KICT បានចែករំលែកពង្រាងផែនការគាំទ្រ ការបង្កើត “វិទ្យាស្ថានបច្ចេកវិទ្យាសំណង់កម្ពុជា-កូរ៉េ(C-KICT)”។ C-KICTនេះនឹងដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន កម្ពុជា ក្នុងការធានាឱ្យបាននូវស្ដង់ដារគុណភាពនៃសំណង់ នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល បានជម្រាបជូនអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជាផងដែរ។ ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ គ្រោះថ្នាក់ចរាចរណ៍ នាពេលបច្ចុប្បន្នដែលបង្កឡើងដោយកត្តាមនុស្ស និងចំណុចខ្មៅ បានសម្លាប់មនុស្សប្រមាណ ៥ នាក់ និងបង្ករបួសស្នាមពី២០ទៅ៥០នាក់ក្នុងមួយថ្ងៃ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានកត់សម្គាល់ថា៖ កម្ពុជាចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើងនូវស្តង់ដារនៃការស្ថាបនា ផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានភាព រឹងមាំ និងប្រើប្រាស់ជាប់បានយូរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ ជាពិសេស បច្ចេកវិទ្យាជួសជុលផ្លូវថ្នល់មានសារៈសំខាន់ណាស់ ដោយសារតំបន់ភាគខាងត្បូងនៃប្រទេសដូចជា៖ ខេត្តកំពត ខេត្តកែប ក្រុងព្រះសីហនុ និងខេត្តកោះកុង មានភ្លៀងធ្លាក់ជោគជាំនៅរដូវវស្សា។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានសំណូមពរឱ្យ KICT ពន្លឿនការបង្កើតវិទ្យាស្ថាន C-KICT ក្នុងរយៈពេល២ឆ្នាំ ឬឆាប់ៗតាមដែលអាចធ្វើទៅបាន។

សូមជំរាបថា KICT គឺជាវិទ្យាស្ថានរបស់រដ្ឋាភិបាលកូរ៉េ មានជំនាញឯកទេសខាងការស្រាវជ្រាវ និងវិស្វកម្មសំណង់។ KICT មានបុគ្គលិកជំនាញថ្នាក់បណ្ឌិតជាង ៩០០ ដែលមានជំនាញផ្សេងៗគ្នាទាក់ទងនឹងការសាងសង់។ KICT បានបង្កើតស្តង់ដារសំណង់កូរ៉េសម័យទំនើប និងបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគ យល់ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation