ឯកឧត្តម ប្រាក់ សុខុន ៖ ជប៉ុនជាប្រទេសទីមួយ ដែលខ្ញុំមកធ្វើទស្សនកិច្ចក្នុងតំណែងរដ្ឋមន្រ្តីការបរទេសម្ពុជា ក្នុងអាណត្តិទី៦
| ព័ត៌មានជាតិ
SHARE

(ជប៉ុន)៖ នៅវេលាម៉ោង១១និង៣០ព្រឹកនេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាថ្មីម្តងទៀតជាមួយ ឯកឧត្តម តារ៉ូ កូណូ រដ្ឋមន្រ្តីការបរទេសជប៉ុន ។
ក្នុងជំនួបនោះ ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងការបរទេសជប៉ុន ដែលបានផ្តល់ បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូកម្ពុជា ។

ឯកឧត្តម ប្រាក់ សុខុន បញ្ចាក់ថា ប្រទេសជប៉ុនជាប្រទេសទីមួយ ដែលខ្ញុំមកធ្វើទស្សនកិច្ច បន្ទាប់ពីខ្ញុំត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា ក្នុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាលថ្មី ដែលទើបបង្កើតឡើង កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០១៨ នេះ ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្រ្តីការបរទេសបានថ្លែងអំណរគុណដល់ឯកឧត្ដម Shinzo ABE នាយករដ្ឋមន្រ្តីជប៉ុន និងឯកឧត្ដម Taro KONO រដ្ឋមន្រ្តីការបរទេសជប៉ុន ដែលបានផ្ញើលិខិតអបអរសាទរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការបង្កើតរាជរដ្ឋាភិបាលថ្មី ។ ហើយក៏អរគុណជំនួយរបស់ជប៉ុនដែលបានចូលរួមចំណែក ដល់ការអភិឌ្ឍកម្ពុជាយ៉ាងធំធេង ដូចជាការតភ្ជាប់ ការពង្រឹងនីតិរដ្ឋ និងការធានាសន្តិភាព និងសន្តិសុខ ។

ជុំវិញដំណើរទស្សនកិច្ចនៅប្រទេសជប៉ុននាពេលនេះ ឯកឧត្តម ប្រាក់ សុខុន បានបញ្ជាក់នៅលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លួនថា ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ប្រទេសយើងទាំងពីរបាន ឯកភាពគ្នារៀបចំសកម្មភាពរួមគ្នាមួយចំនួនទាំងនៅកម្ពុជា និងនៅជប៉ុន ។ ដំណើរទស្សនកិច្ចរបស់ខ្ញុំ និងគណៈប្រតិភូកម្ពុជា លើកនេះ ក៏ជាសកម្មភាពមួយបំពេញបន្ថែមលើការអបអរខួបអនុស្សាវរីយ៍នេះ ដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគីឲ្យកាន់តែ រឹងមាំថែមទៀត ។

ឯកឧត្តម ប្រាក់ សុខុន បញ្ជាក់យ៉ាងស្រុងដូចនេះថា « ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជា លើកនេះ នឹងចូលរួមចំណែកក្នុងការពង្រឹង និងធ្វើឲ្យកាន់តែ ស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងនៅលើឆាកអន្តរជាតិ។ កម្ពុជាក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការយ៉ាងជិតស្និទ្ធ ជាមួយជប៉ុន ដែលជាប្រធាន និងជាប្រទេសម្ចាស់ផ្ទះ ក្នុងការរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី ១០ នៅខែ តុលា ឆ្នាំ ២០១៨ ខាងមុខនេះ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation