ឆ្នាំ២០៣០ តម្រូវការលំនៅដ្ឋាននៅកម្ពុជា នឹងកើនឡើងដល់ជិត១លានខ្នងបន្ថែមទៀត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នេះបើតាមបញ្ជាក់របស់លោកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងជាម្ចាស់គម្រោងបុរីវិមានភ្នំពេញ ដោយលោកឧកញ៉ាបន្ថែមថា ទីផ្សារលំនៅដ្ឋាននៅតែមានភាពល្អប្រសើរ សម្រាប់រយៈពេលវែងបន្តទៅមុខទៀត។

ស្របពេលទីផ្សារលំនៅដ្ឋានកំពុងមានភាពល្អប្រសើរនោះ លោកឧកញ៉ាលី ហួរ បានសម្រេចបើកការដ្ឋានសាងសង់គំរោងទី៩ នៃបុរីវិមានភ្នំពេញរតនៈ នាព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ លើគម្រោងផ្ទៃដីប្រមាណជាង៣០ហិកតា ដែលសាងសង់ផ្ទះជាពីរដំណាក់កាល ដោយដំណាក់កាលទី១មានផ្ទះប្រមាណ២០០០ខ្នង និងដំណាក់កាលទី២ មានផ្ទះជាង១០០០ខ្នង លក់ក្នុងតម្លៃចាប់ពី៤៧០០០ ដល់ជាង២៥ម៉ឺនដុល្លារអាមេរិក ដែលមានទីតាំងស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៦A។

នៅក្រោយបញ្ចប់ពិធីបើកការដ្ឋានសាងសង់ក្នុងគម្រោងទី៩នេះ លោកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថា នៅឆ្នាំ២០៣០ខាងមុខ តម្រូវការលំនៅដ្ឋាននៅកម្ពុជា នឹងកើនឡើងដល់ជិត១លានខ្នងបន្ថែមទៀត ហេតុនេះទើបទីផ្សារលំនៅដ្ឋាននៅតែមានតម្រូវការខ្ពស់។

លោកឧកញ៉ាលី ហួរ បន្តថា បច្ចុប្បន្នជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង ធ្វើឲ្យតម្រូវលំនៅដ្ឋានកើនឡើងព្រមគ្នា ដែលជាមូលដ្ឋានធ្វើឲ្យលោកបន្តវិនិយោគលើគំរោងទី៩នេះ ។ ហើយគម្រោងបន្ទាប់ថ្មីមួយទៀតរបស់បូរីវិមានភ្នំពេញនឹងបន្តលើផ្លូវជាតិលេខ៦Aដដែល ដោយគ្រោងសាងសង់ផ្ទះពី៨០០០ ទៅ ១០.០០០ខ្នង។

គួរបញ្ជាក់ថា បើយោងតាមប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា បច្ចុប្បន្នទីផ្សារបុរីនៅតែមានតម្រូវការខ្ពស់ សម្រាប់លំនៅដ្ឋាន ដែលមានតម្លៃមធ្យម និងក្រោមមធ្យម ប៉ុន្តែការវិនិយោគបុរីនិមួយៗ វាអាស្រ័យលើទីតាំង និងតំបន់ជាក់លាក់៕អត្ថបទ៖ អៀវ ឈាងនី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation