ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានជួបពិភាក្សាការងារ ជាមួយនឹងលោក ម៉ាគើស បេនចាមីន កូដូ (Markkus Benjamin Kodo) សមាជិករដ្ឋសភា សហព័ន្ធអាល្លឺម៉ង់ នៅវិមានសន្តិភាព។
បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ លោក ម៉ាគើស បានពាំនាំនូវ ពាក្យអបអរសាទរ អំពីលោកជំទាវអធិកាបតីអាល្លឺម៉ង់ អេជេឡា ម៉ាគៀល ជូនចំពោះសម្តេចតេជោ ពាក់ព័ន្ធនឹងការបោះឆ្នោត និងការតែងតាំងជា នាយករដ្ឋមន្ត្រីរបស់សម្តេច។
លោកបានគោរពជម្រាបជូនសម្តេចតេជោថា នេះគឺជាលើកទី១ហើយ ដែលលោកបានធ្វើដំណើរ មកកាន់ព្រះរាជាណាចក្រកម្ពុជា លោកបានឮតាមព័ត៌មានល្អៗជាច្រើន អំពីកម្ពុជា ហើយនៅពេលនេះ លោកបានឃើញ និងបានជឿជាក់ច្បាស់ នូវអ្វីដែលលោកបានស្តាប់ឮ ក្នុងព័ត៌មាននោះ នោះគឺជាការពិត ដែលកម្ពុជាយើងបានប្រឹងប្រែង និងបានកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើន ហើយក៏បានជំរុញកិច្ចការ ជាពិសេសកិច្ចការគាំពារសង្គម មើលថែទាំកម្មករ-កម្មការិនី តាមរោងចក្រ ជាពិសេសកម្មការិនី ដែលមានផ្ទៃពោះ។
នៅក្នុងបរិបទនេះ លោកបានសម្តែងនូវការអបអរសាទរ និងសេចក្តីរីករាយ ដែលមានក្រុមហ៊ុនធំៗយ៉ាងច្រើន ដែលមានកិត្តិស័ព្ទល្បីៗ មកដំណើរការ ក្នុងប្រទេសកម្ពុជា ហើយដែលផលិតនូវសម្ភារៈ ជាពិសេសវាយណ្ឌភ័ណ្ឌ ដែលមានគុណភាព សម្រាប់នាំចេញទៅទីផ្សារអឺរ៉ុប។
លោកបានបញ្ជាក់សារជាថ្មីថា អាល្លឺម៉ង់ នឹងបន្តគាំទ្រ ហើយត្រៀមខ្លួនជាស្រេច សម្រាប់ការគាំទ្រកម្ពុជា ជំរុញការអភិវឌ្ឍ ដែលឈរលើទំនាក់ទំនងដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការដទៃទៀត ដែលប្រទេសទាំងពីរ អាចធ្វើទៅបាន។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ជូនចំពោះលោកជំទាវអធិកាបតី ដែលបានផ្ញើសារអបអរសាទរ ចំពោះលទ្ធផល នៃការបោះឆ្នោតផង និងការឡើងកាន់តំណែង ជានាយករដ្ឋមន្ត្រីរបស់សម្តេចផង។
សម្តេចបានមានប្រសាសន៍ថា លក្ខខណ្ឌការងារ របស់កម្មករ-កម្មការិនី គឺជាអាទិ៍ភាព របស់រាជរដ្ឋាភិបាលកម្ពុជា។ សម្តេចបានចុះទៅជួប ប្រធានក្រុមហ៊ុន អ្នកគ្រប់គ្រងក្រុមហ៊ុន ជាពិសេសកម្មករ-កម្មការិនី ចំនួន៨០ម៉ឺននាក់ ហើយជំនួបនេះ គឺដើម្បីជំរុញការអនុវត្ត កិច្ចគាំពារសង្គម ដែលក្នុងនោះរោងចក្រនីមួយៗ ចាំបាច់ត្រូវមានអាហារថ្ងៃត្រង់ សម្រាប់កម្មករ-កម្មការិនី ចាំបាច់ត្រូវមានគិលានដ្ឋាន, កន្លែងបំបៅដោះកូន, សុខភាពស្ត្រីមានផ្ទៃពោះ និងស្ត្រីក្រោយការសម្រាលកូន ដែលក្នុងនោះ នឹងត្រូវទទួលបានថវិកា ចំនួន១០០ដុល្លារអាមេរិក សម្រាប់កូននីមួយៗ ហើយនឹងប្រាក់ខែ ដែលមានការឡើងជារៀងរាល់ឆ្នាំទៀតផង។
សម្តេចតេជោ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ក្នុងអាណត្តិថ្មីនេះ គឺបន្តធ្វើការជាមួយនឹងការងារ ដែលបានធ្វើកន្លងមកហើយ ជាពិសេសទៀតនោះ គឺធ្វើយ៉ាងណាដើម្បីរក្សានូវម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពនយោបាយ។ សម្តេចបានជម្រាបជូនលោក ម៉ាគើស ថា រយៈពេលកន្លងមកនេះ កម្ពុជា បានទទួលរងនូវទឹកជំនន់ អស់រយៈពេល៣ខែកន្លងមកហើយ ហើយនៅពេលនេះ រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ ដោះស្រាយទៅលើបញ្ហានេះ ធ្វើយ៉ាងណា កុំឲ្យប្រជាជនកម្ពុជា ដែលឆ្លងកាត់ផុតបន្ទាត់ក្រីក្រហើយ ធ្លាក់ចុះទៅក្រោមបន្ទាត់ក្រីក្រវិញ ពាក់ព័ន្ធនឹងមូលហេតុទឹកជំនន់នេះ៕ អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី