សុខភាព

ដឹងទេ ក្រូចសើច ផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

image


សុខភាព៖ ផ្លែក្រូចសើច គឺប្រភេទផ្លែឈើម្យ៉ាងដែលគ្នាយើងដឹង និងស្គាល់ថាជាគ្រឿងទេសសម្រាប់បន្ថែមក្លិនក្នុងម្ហូបអាហារ។ ផ្លែក្រូចសើច ក៏ត្រូវបានគេដឹងថា អាចមានប្រយោជន៍ចំពោះ សុខភាពមាត់ធ្មេញ ជួយដល់ការរំលាយអាហារ កាត់បន្ថយការរលាក ជួយដល់ប្រព័ន្ធភាពស៊ាំ និងធ្វើឲ្យសក់មានសុខភាពល្អ។

១.ជួយសុខភាពមាត់ធ្មេញ
ផ្លែក្រូចសើចក្រៅពីបន្ថែមរសជាតិក្នុងម្ហូបអាហារ គ្នាយើងមួយចំនួនបានប្រើដើម្បីការការពារសុខភាពមាត់ធ្មេញ។ ថ្វីបើយើងមិនអាចញាំផ្ទាល់បានដូចផ្លែឈើដទៃក៏ពិតមែន ប៉ុន្តែស្លឹក និងសម្បករបស់ក្រូចសើចអាចយកមកជូតលើអញ្ចាញធ្មេញដើម្បីការពារ និងកម្ចាត់បាក់តេរីមិនល្អក្នុងមាត់បាន។ ប្រេងដែលចម្រាញ់ចេញពីផ្លែក្រូចសើច ក៏ត្រូវបានគេយកមកលាយជាមួយថ្នាំដុសធ្មេញ និងទឹកខ្ពុរមាត់ដើម្បីជួយសម្អាតអញ្ចាញ បំបាត់ក្លិនមាត់ និងធ្មេញផងដែរ។

២.ជួយប្រព័ន្ធរំលាយអាហារ
ក្រូចសើចមានផ្ទុកសារធាតុសំខាន់ៗមួយចំនួន ដែលអាចប្រើប្រឆាំងនឹងការរលាក និងជួយដល់ប្រព័ន្ធរំលាយអាហារ។ សារធាតុមួយចំនួនមាននៅក្នុងផ្លែក្រូចសើចអាចប្រឆាំងនឹងការរលាក ហើយអាចជួយជំរុញដល់ប្រព័ន្ធរំលាយអាហារផងដែរនោះ។ ប្រសិនបើគ្នាយើងមានអាការៈទល់លាមកឬពិបាកក្នុងការរំលាយអាហារ ការបន្ថែមក្រូចសើចទៅក្នុងអាហារអាចជួយកាត់បន្ថយរោគសញ្ញាទាំងនោះ និងអាចធ្វើឱ្យពោះវៀនរបស់យើងវិលមករកភាពប្រក្រតីវិញ។ ក្រៅពីនេះ ក្រូចសើចក៏អាចរួមចំណែកជួយការពារបញ្ហាក្រពះ ពោះវៀនធ្ងន់ធ្ងរដូចជាមហារីកពោះវៀនធំ ឫសដូងបាតឬដំបៅក្រពះផងដែរ។

៣.ជួយកាត់បន្ថយការរលាក
ចំពោះគ្នាយើងដែលមានជំងឺឈឺសន្លាក់ឆ្អឹង ការរលាកសន្លាក់ ហើមឬជំងឺរលាកមួយចំនួនផ្សេងទៀត យើងអាចប្រើទឹកក្រូចសើច ឬប្រេងក្រូចសើចលាបលើកន្លែងដែលយើងមានអារម្មណ៍ថាឈឺ។ ការញ៉ាំអាហារមានបន្ថែមក្រូចសើច អាចជួយសម្រួលដល់អាការៈឈឺក្បាល និងឈឺក្បាលប្រកាំងផងដែរ។

៤.ពង្រឹងប្រព័ន្ធភាពស៊ាំ
ផ្លែក្រូចសើចមានផ្ទុកសារធាតុប្រឆាំងបាក់តេរី និងប្រឆាំងអុកស៊ីតកម្ម ដែលសារធាតុទាំងពីរនេះអាចជួយដល់ការពង្រឹងប្រព័ន្ធភាពស៊ាំ។ ដូចគ្នាដែរ ការញាំក្រូចសើច ក៏អាចជួយគ្នាយើងការពារជំងឺក្រពះ ពោះវៀនជាច្រើនប្រភេទ ដែលអាចជួយជំរុញប្រព័ន្ធភាពស៊ាំតាមរយៈឥទ្ធិពលប្រឆាំងអុកស៊ីតកម្ម។

៥.ជួយថែទាំសក់
ផ្លែក្រូចសើច ក៏ប្រើប្រាស់សម្រាប់ការថែរក្សាសក់ផងដែរ។ យើងអាចយកក្រូចសើចលាបនៅលើស្បែកក្បាល និងសក់ដើម្បីជួយកាត់បន្ថយការជ្រុះសក់ ការពារពីការកើតអង្គែ ហើយក៏ជួយផ្ដល់សំណើមដល់ស្បែកទៀតផង។

ប្រុងប្រយ័ត្ន៖ អ្វីដែលគ្នាយើងគួរមានការប្រុងប្រយ័ត្ននោះគឺប្រេងដែលចម្រាញ់ចេញពីផ្លែក្រូចសើចមិនត្រូវយកមកញាំដោយផ្ទាល់ឡើយ ព្រោះវាអាចបណ្ដាលឲ្យយើងចង្អោរ ក្អួត វិលមុខ និងមានផលប៉ះពាល់មិនល្អផ្សេងទៀតបាន៕