សង្គម

ឥទ្ធិពលព្យុះកុំប៉ាស៊ូ នៅព្រឹកនេះ មានសភាពស្ងប់ នៅតាមតំបន់មាត់សមុទ្រ និងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

image

អត្ថបទ៖ តាំង សុន្នី


កោះកុង៖ អាជ្ញាធរខេត្តកោះកុង អះអាងថា នៅព្រឹកថ្ងៃទី១៣ តុលា ២០២១ ឥទ្ធិពលព្យុះកុំប៉ាស៊ូ ថមថយការវាយឥទ្ធិពល នៅតាមតំបន់មាត់សមុទ្រ និងក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ខណៈកាលពីយប់ថ្ងៃទី១២ ខែ តុលា ព្យុះកុំប៉ាស៊ូ បានបន្តការបោកបក់គួរឲ្យបារម្ភ នៅតាមតំបន់មាត់សមុទ្រ និងបង្ករការជនលិចផ្លូវ និងផ្ទះពលរដ្ឋក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងបានអះអាងថា ក្រុងខេមរភូមិន្ទ កាលពីម្សិលមិញបន្ទាប់មានភ្លៀងធ្លាក់ខ្លាំង លាយឡំដោយខ្យល់កន្ត្រាក់ផងនោះ បង្កឲ្យមានជំនន់ទឹកភ្លៀង បានជនលិចផ្ទះសំបែងពលរដ្ឋ និងតំបន់មួយចំនួននៅតាមមាត់ឆ្នេរកម្សាន្តនានា បានរងការវាយលុកដោយរលកសមុទ្រខ្ពស់ៗ គួរឲ្យព្រួយបារម្ភ ហើយវាក៏បានស្ងប់ស្ងាត់ទៅវិញនៅព្រឹកនេះដែរ។

លោក អ៊ុក ភក្ត្រា អភិបាលរងខេត្តទទួលបន្ទុក គ្រោះមហន្តរាយ បានបញ្ជាក់ថា គិតមកពេលនេះតាមការកត់សម្គាល់ នៅគ្រប់បណ្តាស្រុកនីមួយៗ ហាក់ពុំមានការរងផលប៉ះពាល់អ្វីធ្ងន់ធ្ងរដូចគ្នា និងថ្ងៃម្សិលមិញដែរ និយាយជារួមតាំងពីថ្ងៃដំបូងដែលខ្យល់ព្យុះ កុំប៉ាស៊ូ បានធ្វើការវាយលុក នៅតាមតំបន់មាត់សមុទ្រ ក្នុងក្រុងខេមរភូមិន្ទ និងតំបន់វាលទំនាបក្នុងភូមិសាស្ត្រស្រុកកោះកុង អាជ្ញាធរបានប្រចាំការឃ្លាំមើល២៤ លើ២៤ ម៉ោង ដើម្បីត្រៀមចាំដឹកជញ្ជូនសម្ភារ ជម្លៀសប្រជាពលរដ្ឋ និងសត្វពាហនៈ មកកាន់ទីទួលមានសុវត្ថិភាព។

បន្ថែមលើនេះទៀត លោកអភិបាលរងខេត្ត នៅតែបន្តតាមដានគ្រប់ស្ថានការ ប្រសិនបើមានអ្វីជាការកត់សម្គាល់ តាមស្ថានភាពអាកាសធាតុ ប្រែប្រួលបន្ថែមទៀតនោះ លោកនឹងចុះផ្ទាល់ ជាមួយក្រុមការងារជំនាញ ដើម្បីសង្រ្គោះបន្ទាន់ ដល់មូលដ្ឋានប្រជាពលរដ្ឋ។

ចំពោះមុខស្ថានភាពនេះ លោកលោកអភិបាលរងខេត្ត កំពុងជំរុញដល់ក្រុមការងារជំនាញ គ្រប់មូលដ្ឋាន បន្តចុះធ្វើការណែនាំដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ ឲ្យបន្តការប្រុងប្រយ័ត្នបន្ថែមទៀត ខណៈខ្យល់ព្យុះដែលមានឥទ្ធិពលខ្លាំងក្លានេះនឹងបន្ត កើតមានរហូតដល់ថ្ងៃទី ១៩ តុលា ២០២១។

សូមបញ្ជាក់ថា ក្រោយពីមេឃភ្លៀងអស់រយៈពេលជាង០២ ថ្ងៃមកនេះ ពុំមានផលប៉ះពាល់ដល់អាយុជីវិត មនុស្ស និងសត្វពាហនៈ នោះទេ ហើយមកដល់ពេលនេះ ខេត្តកោះកុងនៅតែរងនូវស្ថានភាពអួរអ័ព្វ ដោយសារការជះឥទ្ធិពលពីខ្យល់ព្យុះ កុំប៉ាស៊ូ ដូចអ្វីដែលក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសរួចមកហើយនោះដែរ៕