សង្គម

រដ្ឋមន្រ្តីក្រសួងការងារកម្ពុជា ស្នើដល់ ADB បន្តនូវកិច្ចសហប្រតិបត្តិការលើវិស័យTVET

image


ភ្នំពេញ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានទទួលជួបលោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលត្រូវផុតអាណត្តិ តាមរយៈប្រព័ន្ធវីដេអូ(Zoom)។

នាជំនួបនោះ លោកបណ្ឌិត អ៊ិត សំហេង បានសំណូមពរ និងស្នើដល់ ADB បន្តនូវកិច្ច សហ ប្រតិបត្តិការលើវិស័យTVET ជាមុំមួយនៅក្នុងយុទ្ធសាស្រ្តចតុកោណ ផ្តោតលើការ អភិវឌ្ឍ ធនធានមនុស្ស និង លោក ក៏បានស្នើដល់ ADB ចំពោះការផ្តល់គម្រោងគាំទ្រវិស័យ TVET នានា សូមឱ្យមានភ្នាក់ងារអនុវត្តន៍គម្រោងដោយក្រសួងសាមីផ្ទាល់តែម្តង ដើម្បី ងាយ ស្រួលក្នុងការគ្រប់គ្រង តាមដាន និងត្រួតពិនិត្យ ក៏ដូចជាប្រសិទ្ធភាព នៃការអនុវត្ត គម្រោងប្រកបដោយគុណភាព។

ឆ្លើយតបជាមួយនឹងសំណូមពររបស់លោករដ្ឋមន្ត្រី លោកស្រី Sunniya Durrani-Jamal នឹងលើកយកសំណើទាំងនេះ ជួយសិក្សារកវិធីសាស្ត្រនិងគាំទ្រដើម្បីឱ្យយុវជន ងាកមក ចាប់អារម្មណ៍ចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធ TVET ដោយក្នុងនោះ នឹងបន្តសហការជាមួយ គ្នា ដើម្បីរៀបចំគម្រោងថ្មីៗថែមទៀតសំដៅធានាដល់ការបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈ ការបណ្តុះបណ្តាលផង ធ្វើការផង ក៏ជាដំណោះស្រាយដ៏ល្អ ក្នុងការបង្កើត កម្លាំងពលកម្មជំនាញ ព្រោះថាការបណ្តុះបណ្តាលតែនៅតាមគ្រឹះស្ថានរហូតដល់ចប់ ហើយទើបចូលទៅទីផ្សារការងារគឺមិនអាចឆ្លើយតបទាន់តាមតម្រូវការនៃទីផ្សារការងារបាននោះទេ។

នាឱកាសនៃជំនួបនេះដែរ លោកស្រីនាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារ ADB បានសម្តែងនូវការពេញចិត្ត ចំពោះកិច្ចសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមអភិវឌ្ឍន៍លើវិស័យជាច្រើនរបស់ជាតិ ក្នុងនោះ ការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ចាត់ទុកថាជាវិស័យស្នូល ដ៏សំខាន់មួយក្នុងការលើក ស្ទួយកំណើនសេដ្ឋកិច្ច។

លោកស្រី Sunniya Durrani-Jamal បានចូលរួមអបអរសាទរចំពោះក្រសួង ដែលបាន បើក ដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. ដែលនេះពិតជាការចូលរួម ចំណែកបន្ត លើក កម្ពស់ វិស័យTVET ឲ្យមានសកម្មភាពបណ្តុះបណ្តាលយុវជនកម្ពុជាកាន់តែមានសមត្ថភាព ក្នុងការបម្រើសង្គមជាតិរបស់ខ្លួន៕

ដោយ៖ អៀវ ឈៀងនី