សង្គម

ខេត្តព្រះសីហនុ ពង្រឹងសមត្ថភាពឆ្មាំសមុទ្រ ជួយសង្គ្រោះពលរដ្ឋ និងភ្ញៀវទេសចរមកលេងកម្សាន្តតំបន់ឆ្នេរឲ្យមានប្រសិទ្ធភាព

image

អត្ថបទ៖ ប៉ៃ សុឃីម


ព្រះសីហនុ៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ នាព្រឹកថ្ងៃ ទី១៣ ខែតុលាឆ្នាំ ២០២១ បាន បើកវគ្គបំប៉នបន្ថែម ទៅដល់ឆ្មាំការពារ នៅតាមតំបន់ឆ្នេរ ដើម្បីការពារជូនដល់ភ្ញៀវទេសចរ ប្រជាពលរដ្ឋមកលេងកម្សាន្ត ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព នៅតាមគោលដៅតំបន់ឆ្នេរ ឲ្យមានប្រសិទ្ធភាព បន្ថែមទៀត។


លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបញ្ជាក់ថា ទោះបីជាបច្ចុប្បន្នឆ្មាំរបស់យើងមិនទាន់មានចំនួនច្រើនសម្រាប់ពង្រាយនៅតាមតំបន់គោលដៅយ៉ាងណាក៏ដោយក៏មន្ទីរទេសចរណ៍ នឹងខិតខំរើសបន្ថែម ហើយធ្វើការហ្វឹកហាត់បំប៉នទាំងថ្មីទាំងចាស់ដើម្បី ដាក់នៅតាមគោលដៅនីមួយៗ ព្រោះថាកន្លងមកបងប្អូនប្រជាពលរដ្ឋភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុជួបគ្រោះថ្នាក់ដោយលង់ទឹកដោយបងប្អូនមិនបានអនុវត្ត តាមការណែនាំរបស់អាជ្ញាធរមន្ត្រីជំនាញក៏ដូចជាឆ្មាំដែលនៅប្រចាំការ ការពារតាមតំបន់ឆ្នេរនីមួយៗ។

លោកថា ឆ្មាំ សមុទ្រដែលគ្រប់គ្រងដោយមន្ទីរទេសចរណ៍ មានចំនួន ១៨នាក់ ហើយបច្ចុប្បន្នគឺមានការរើសបន្ថែមថ្មីចំនួន ៨ នាក់ ទើបមន្ទីរបើកវគ្គបំប៉នបន្ថែមពីជំនាញក្នុងការសង្គ្រោះបឋមទៅដល់ប្រជាពលរដ្ឋភ្ញៀវទេសចរ ដែលមកលេងតំបន់ឆ្នេរ ដោយជួបគ្រោះលង់ទឹកជាយៈថាហេតុ។


ប្រធានមន្ទីរខេត្តព្រះសីហនុបន្ថែមថា ចំពោះការបង្ហាត់បង្រៀនឆ្មាំនេះគឺបង្រៀនអំពីការសង្គ្រោះបឋម ការចុះទៅជួយជនរងគ្រោះដោយលង់ទឹក ត្រូវមានសម្ភារគ្រប់គ្រាន់ និងជួយពង្រឹងកាយសម្បទា របស់ពួកគាត់ ក្នុងការជួយសង្គ្រោះជនរងគ្រោះ ដើម្បីចៀសផុតពីការគ្រោះថ្នាក់ដោយលង់ទឹកបាត់បង់ជីវិតជាដើម៕