សង្គម

ជំនន់ទឹកភ្លៀង បណ្តាលឱ្យលិចផ្លូវ និងហូរចូលផ្ទះប្រជាពលរដ្ឋនៅស្រុកសាលាក្រៅ ប៉ុន្តែបានស្រកទៅវិញ មិនបណ្តាលឱ្យប៉ះពាល់ដល់ផលដំណាំ និងសត្វចិញ្ចឹមនោះទេ

image

ប៉ៃលិន៖ សេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនគរបាលស្រុកសាលាក្រៅ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះថា ក្រោយពីភ្លៀងធ្លាក់ជាប់ៗគ្នារាល់ ថ្ងៃនៅផ្នែកខាងលើ បណ្តាលឱ្យហូរធ្លាក់ទៅផ្នែកខាងក្រោម ទើបកាលពីវេលាម៉ោង០២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មានករណី ជំនន់ ទឹកភ្លៀងកើតឡើង បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលនៅតំបន់ទំនាប និងហៀរ លិចផ្លូវក្រាលក្រួសក្រហម១ខ្សែ នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។


លោក សៀ សុខុម អភិបាលរងស្រុកសាលាក្រៅ បានប្រាប់អ្នកសារព័ត៌មានថា ករណីជំនន់ ទឹកភ្លៀងនេះ មិនហក់ស្ទុះឡើងខ្លាំងនោះទេ ព្រោះមានការរាំងភ្លៀងទៅវិញ ដោយទឹកជំនន់មិនស្ទុះហក់ខ្លាំងនោះឡើយ លុះរហូតដល់ពេលព្រឹកថ្ងៃដដែល ទឹកជំនន់ នេះ ក៏ចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗ អាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបើកបរម៉ូតូ និង រថយន្តឆ្លងទៅកាត់ទៅមកតាមធម្មតា ។


លោកបានបន្តថា តំបន់លិចទឹកដោយជំនន់ទឹកភ្លៀងខាងលើ ជាកន្លែងទំនាប ព្រោះស្ទើរ រៀងរាល់ឆ្នាំ ឱ្យតែមានភ្លៀងធ្លាក់ជោគជាំនៅផ្នែកខាងលើនៃក្រុងប៉ៃលិន ឬភ្លៀងធ្លាក់ច្រើន នៅត្រង់កន្លែងភូមិឃុំទាំងនេះ តែងតែធ្វើឱ្យក្លាយទៅជាជំនន់លិចលង់ផ្ទះសម្បែង ផលដំណាំរបស់ប្រជាពលរដ្ឋ តែក៏ឆាប់ស្រកទៅវិញ បើសិនជាមេឃមិនបន្តធ្លាក់ភ្លៀង។
ក្នុងនាមអាជ្ញាធរស្រុក លោកបានសង្កេតឃេីញថា ក្រោមការដឹកនាំលោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន លោកស្រី តែងតែរៀបចំឱ្យមានគណៈកម្មការចុះ ដោះស្រាយគ្រោះមហន្តរាយធម្មជាតិនានា ដែលមានការចូលរួមដោយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក /ក្រុង ឃុំ /សង្កាត់ ដេីម្បីពន្លឿនក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ បានទាន់ ពេលវេលា ។


សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានហូរចូលទៅក្នុងភូមិផ្ទះស្បូវ លិចក្រោមផ្ទះប្រជាពលរដ្ឋ ចំនួន១០ខ្នង។ ទឹកជំនន់ លិចផ្លូវលំក្នុងភូមិផ្ទះស្បូវ ចំនួន០១កន្លែងហូរឆ្លងកាត់ផ្លូវ ប្រវែង ១០០ម៉ែត្រ ។ លិចផ្លូវចូលទៅក្នុងវត្តភូមិផ្ទះស្បូវ ចំនួន០១កន្លែង ប្រវែង៥០ម៉ែត្រ និងលិចផ្លូវចូលវត្តបាយសី ចំនួន០១កន្លែង ប្រវែង៨០ម៉ែត្រ ។
ទោះបីជាយ៉ាងណា ជំនន់ទឹកភ្លៀងខាងលើ មិនបង្កផលប៉ះពាល់ដល់ដំណាំដាំដុះ របស់ ប្រជាពលរដ្ឋ ឬសត្វចិញ្ចឹមនោះឡើយ ខណៈទឹកនេះជន់ក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយ អាជ្ញាធរមូលដ្ឋាន ក៏ត្រៀមខ្លួនជាស្រេច ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅ ក្នុងភូមិ ទាំងអស់ បើសិនជាមានករណីជំនន់ទឹកភ្លៀងឡើងខ្លាំង៕



ដោយ ៖ សុខ វិច្ឆ័យ