សម្តេចតេជោ នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេងទៀតនាចុងខែកញ្ញានេះ នៅទីក្រុងញូវយ៉ក
| ព័ត៌មានជាតិ
SHARE

យោងតាមការប្រកាសពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិអន្តរជាតិបានអោយដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹង អញ្ជើញទៅចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធ ផ្សេងទៀត ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងញូវយ៉ក។

មហាសន្និបាតនេះនឹងប្រព្រឹត្តទៅ ក្រោមមូលបទ “ធ្វើឲ្យ អង្គការសហប្រជាជាតិមានសារៈសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់: ភាពជា អ្នកដឹក នាំ សកល និងការទទួលខុសត្រូវរួម សំរាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព” ។

អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ព្រមទាំងឥស្សរៈជនសំខាន់ៗមួយចំនួនទៀត។
នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងធ្វើសេចក្តីថ្លែងការណ៍មួយផ្តោតលើការ វិវត្តនាពេលថ្មីៗ និងសមិទ្ធិផលសំខាន់ៗដែលរាជរដ្ឋាភិបាលសម្រេចបាន និងបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម។

ក្រសួងកាបរទេស និងកិច្ចសហប្រតិបត្តិអន្តរជាតិបានអោយដឹងបន្តថាក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តម បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី ឯកឧត្តម ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ និងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋ និងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបជាមួយសហគមន៍ខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ផងដែរ។
នៅក្នុងកំរិតថ្នាក់រដ្ឋមន្រ្តីវិញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាទ្វេភាគីជាបន្តបន្ទាប់ ជាមួយសមភាគីរបស់ឯកឧត្តមមកពីប្រទេសអូស្រ្តាលី កាណាដា ហ៊្សកហ្ស៊ី អេស្តូនី ហុងហ្គ្រី ស៊ែប៊ី និងមន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ក្រសួងការបរទេសចក្រភពអង់គ្លេស និងពីបណ្តាប្រទេសមួយចំនួនទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីនឹងចុះហត្ថលេខាជាមួយឯកឧត្តម Zohrab Mnatsakanyan រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋអារមេនី លើអនុស្សរណៈស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃសាធារណរដ្ឋអារមេនី។

គណៈប្រតិភូកម្ពុជាក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានក្រៅផ្លូវការ (IAMM) កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជា មួយ ប្រធានកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ (AUMM) កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីចលនាមិនចូលបក្សសម្ព័ន្ធ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃប្រទេសដែលមានការអភិវឌ្ឍយឺត កិច្ចប្រជុំក្រុមប្រទេស ៧៧ និងចិន និង កិច្ចប្រជុំជាច្រើនទៀត៕ អត្ថបទ ៖ ហ៊ន សុភ័ក្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation