ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិតយន្តហោះ Boeing តម្រូវឲ្យបុគ្គលិកនៅក្នុងអាមេរិកចាក់វ៉ាក់សាំងកូវីដ-១៩ ជាកំហិត

image

អាមេរិក៖ ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង (Boeing) កាលពីថ្ងៃអង្គារ បានប្រកាសថា ខ្លួនកំពុងតម្រូវឲ្យបុគ្គលិករបស់ខ្លួនទាំងអស់នៅក្នុងអាមេរិកបង្ហាញភស្តុតាងថាពួកគេបានចាក់វ៉ាក់សាំងកូវីដ-១៩ ឬមានលិខិតបញ្ជាក់ថាបានទទួលការលើកលែងមិនបាច់ចាក់វ៉ាក់សាំង នៅត្រឹមថ្ងៃទី៨ ខែធ្នូ ដើម្បីអនុវត្តតាមបទបញ្ជារបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដែលតម្រូវឲ្យបុគ្គលិកនៅតាមក្រុមហ៊ុនធំៗចាក់វ៉ាក់សាំងកូវីដ-១៩។


វិធានការរបស់ក្រុមហ៊ុនផលិតយន្តហោះអាមេរិកនេះបានកេីតឡេីងស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍អាមេរិក និងក្រុមហ៊ុនផលិតគ្រឿងបន្លាស់យន្តហោះអាមេរិកបានប្រកាសដែរថាពួកគេខ្លួននឹងគោរពតាមបទបញ្ជារបស់ លោក បៃដិន។


សូមរម្លឹកថា លោក បៃដិន កាលពីសប្តាហ៍មុន បាននិយាយថា ក្រុមហ៊ុនអាមេរិកធំៗជាច្រើនថែមទៀតគួរតែតម្រូវឲ្យបុគ្គលិករបស់ពួកគេចាក់វ៉ាក់សាំងកូវីដ-១៩ ជាកំហិត ដោយបានលេីកឡេីងថាវិធានការនេះថាមានសារៈសំខាន់បំផុតដើម្បីបញ្ចប់ការឆ្លងរាតត្បាតរបស់វីរុសកូវីដ-១៩ និងដេីម្បីទ្រទ្រង់សេដ្ឋកិច្ច។


រហូតមកដល់ពេលនេះ អាមេរិកនៅតែជាប្រទេសដែលមានអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រេីនជាងគេបំផុតនៅលេីពិភពលោក ដោយមានអ្នកឆ្លងសរុបជាង ៤៥លាននាក់ និងអ្នកស្លាប់ជាង ៧៣ម៉ឺននាក់។
ក្រុមអ្នកជំនាញផ្នែកសុខភាពសាធារណៈបានសម្តែងការព្រួយបារម្ភរបស់ពួកគេថា អាចនឹងមានរលកឆ្លងវីរុសកូវីដ-១៩ ខ្លាំងមួយទៀតនៅក្នុងអាមេរិកដោយសារតែរដូវរងាកាន់តែជិតមកដល់។
យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លង ពលរដ្ឋអាមេរិកជាង ១៨៧,៧លាននាក់ដែលត្រូវជា ៥៦,៨%នៃចំនួនពលរដ្ឋសរុប បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញហេីយ៕