ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងបង្កេីតក្រុមប្រឹក្សាដេីម្បីរិះរកវិធីសាស្ត្រ «រស់នៅជាមួយវីរុសកូវីដ-១៩»

image

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានបង្កើតក្រុមប្រឹក្សាពិសេសមួយដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រ «រស់នៅជាមួយវីរុសកូវីដ-១៩» ក្នុងរយៈពេលវែង ខណៈដែលប្រទេសនេះកំពុងព្យាយាមដកចេញនូវការរឹតបន្តឹងនានាដេីម្បីស្កាត់ការឆ្លងរាតត្បាតរបសវីរុសកូវីដ-១៩ និងបើកសកម្មភាពសេដ្ឋកិច្ចឡើងវិញ ក្នុងគ្រាដែលអត្រាចាក់ចាក់វ៉ាក់សាំងបានកេីនឡេីង។


ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានប្រកាសថា ក្រោមយុទ្ធសាស្ត្រនេះរដ្ឋាភិបាលមានគោលដៅបន្ធូរបន្ថយការរឹតបន្តឹងទៅដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ព្រមទាំងលើកទឹកចិត្តអ្នកជំងឺកូវីដ-១៩ មិនចេញរោគសញ្ញា និងចេញរោគសញ្ញាកម្រិតស្រាដែលមានអាយុក្រោម ៧០ឆ្នាំ ឲ្យព្យាបាលនៅផ្ទះ។


ប្រព័ន្ធផ្សព្វបានរាយការណ៍ថា រដ្ឋាភិបាលក៏នឹងផ្ដោតតែទៅលេីចំនួនអ្នកជំងឺកូវីដ-១៩ ដែលចូលសម្រាកនៅមន្ទីរពេទ្យ និងចំនួនអ្នកស្លាប់ ជាជាងទៅលេីចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃ ហើយនឹងពិចារណាមិនផ្សាយតួលេខឆ្លងថ្មីជារៀងរាល់ថ្ងៃឡេីយ។


នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក គីម ប៊ូខ្យូម (Kim Boo-kyum) បានថ្លែងក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សានេះថា «យើងនឹងប្រែក្លាយជំងឹកូវីដ-១៩ ឲ្យទៅជាជំងឺឆ្លងដែលអាចគ្រប់គ្រងបាន ហើយនឹងត្រៀមរៀបចំឲ្យពលរដ្ឋវិលត្រឡប់ទៅរស់ក្នុងជីវភាពធម្មតាឡេីងវិញ ប៉ុន្តែវិធានការតម្រូវឲ្យពាក់ម៉ាសជាកំហិតនឹងមិនត្រូវបានលុបចោលភ្លាមៗនោះទេនៅក្រោមគោលនយោបាយថ្មីនេះ»។


សូមបញ្ជាក់ថា យុទ្ធសាស្ត្រថ្មីនេះបានកើតឡើងក្នុងគ្រាដែលយុទ្ធនាការចាក់វ៉ាក់សាំងដែលដំបូងឡើយត្រូវបានរារាំងដោយការខ្វះការផ្គត់ផ្គង់នោះ បានស្ទុះឡេីងវិញយ៉ាងឆាប់រហ័ស ។ ប្រទេសកូរ៉េខាងត្បូងរហូតមកដល់ពេលនេះបានចាក់វ៉ាក់សាំងកូវីដ-១៩ យ៉ាងតិចមួយដូសដល់ពលរដ្ឋរបស់ខ្លួនចំនួន ៧៨,១% នៃចំនួនពលរដ្ឋសរុប ខណៈដែល ៦០,៧% បានចាក់វ៉ាក់សាំងពេញ ២ដូស។
ប្រទេសកូរ៉េខាងត្បូងមិនដែលដាក់ឲ្យអនុវត្តវិធានការបិទប្រទេសទាំងស្រុងទេ ប៉ុន្តែបានស្ថិតនៅក្រោមវិធានការរឹតបន្តឹងដ៏តឹងរ៉ឹងបំផុតចាប់តាំងពីខែកក្កដាមក។


វិធានការទាំងនេះរួមបញ្ចូលទាំងការកាត់បន្ថយម៉ោងប្រតិបត្តិការរបស់ភោជនីយដ្ឋាន, ហាងកាហ្វេ, កន្លែងសូណា និងកន្លែងហាត់ប្រាណបិទជិត ដែលនេះបានធ្វើឲ្យប៉ះពាល់ខ្លាំងជាពិសេសទៅដល់អាជីវកម្មផ្ទាល់ខ្លួន និងអាជីវកម្មខ្នាតតូច ព្រមទាំងហាមឃាត់ការជួបជុំមនុស្សលើសពី ២នាក់ ក្រោយម៉ោង ៦ល្ងាចទាំងនៅក្នុង និងនៅជុំវិញទីក្រុងសេអ៊ូល៕