ព័ត៌មានអន្តរជាតិ

មន្ត្រីនាំពាក្យចិនដីគោកថា ប្រតិបត្តិការកងទ័ពចិនក្បែរកោះតៃវ៉ាន់គឺចាំបាច់ដើម្បីការពារអធិបតេយ្យជាតិ

image

ចិន៖ មន្ត្រីនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋចិន នៅថ្ងៃពុធនេះ បាននិយាយថា សមយុទ្ធយោធាដែលធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិននៅក្បែរកោះតៃវ៉ាន់នោះ គឺជាការចាំបាច់ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។


មន្ត្រីនាំពាក្យ លោក ម៉ា ស៊ាវហ្គ័ង (Ma Xiaoguang) បានលេីកឡេីងដូចនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅពេលដែលគាត់ត្រូវបានគេសួរអំពីប្រតិបត្តិការយោធានាពេលថ្មីៗនេះរបស់ កងទ័ពរំដោះប្រជាជនចិននៅជិតកោះតៃវ៉ាន់។


លោក ម៉ា បាននិយាយដែរថា «គណបក្សកំពុងកាន់អំណាចនៅកោះតៃវ៉ាន់ និងកងកម្លាំងស្វែករកឯករាជ្យឲ្យកោះតៃវ៉ាន់ដោយមានការឃុបឃិតជាមួយកម្លាំងខាងក្រៅនោះ តែងតែបង្កហេតុដោយការស្វែងរកឯករាជ្យឲ្យកោះតៃវ៉ាន់ដែលនេះជាដើមចមនៃភាពតានតឹងនាពេលបច្ចុប្បន្ននេះ និងភាពច្របូកច្របល់នៅទូទាំងច្រកសមុទ្រតៃវ៉ាន់»។


ស្របពេលជាមួយគ្នានេះដែរ ប្រមុខផ្នែកការពារជាតិកោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃពុធសប្តាហ៍មុនថា កងទ័ពរំដោះប្រជាជនចិននឹងមានសមត្ថភាពពេញលេញក្នុងការវាយលុកកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៥ និងបានថាស្ថានការណ៍នៅទូទាំងច្រកសមុទ្រតៃវ៉ាន់នាពេលនេះគឺធ្ងន់ធ្ងរជាងពេលណាទាំងអស់ក្នុងរយៈពេល ៤០ឆ្នាំមកនេះ។


ជាការឆ្លើយតប លោក ម៉ា បានជំរុញឱ្យអាជ្ញាធរកោះតៃវ៉ាន់បញ្ឈប់សកម្មភាពខុសឆ្គងរបស់ពួកគេដែលបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់៕