សង្គម

ដំណឹងល្អ! សត្វចង្កៀលខ្យងរាប់ពាន់ក្បាល បានបន្តពងកូននៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ នាខេត្តតាកែវ

image

ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់រដូវពងកូនឆ្នាំ២០២០-២០២១ដោយជោគជ័យ ហ្វូង សត្វ ចង្កៀលខ្យង ពេញវ័យមួយចំនួន បានហើរចាកចេញពីសម្បុក ទៅរកទីតាំង ផ្សេងៗ ដើម្បី រកចំណីចិញ្ចឹមជីវិត។ ដោយឡែក ក្នុងឆ្នាំ២០២១ ចង្កៀលខ្យង បានមកកាច់ សម្បុកពងកូន សារជាថ្មីនៅលើទីតាំងដដែល ក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ នេះបើយោង តាម ការឱ្យដឹងពីមន្ត្រីជំនាញអភិរក្សសត្វព្រៃ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។


សម្បុកចង្កៀលខ្យង ត្រូវបានគេប៉ាន់ប្រមាណថា ប្រហែលជាង ២០០០សម្បុក ដែលមាន ទាំងសម្បុកថ្មី និងសម្បុកចាស់ ចំណែកសម្បុកខ្លះបានញាស់ និងខ្លះទៀតកំពុងបន្ត ក្រាប ពង។ ដោយសារទឹកជំនន់ឆ្នាំនេះតូច ដូចនេះ មន្ត្រីជំនាញមិនទាន់បានជួបប្រទះនូវបញ្ហា សម្បុកលិចទឹក និងធ្លាក់ពងសត្វដោយសារព្យុះភ្លៀងនៅឡើយទេ។ ទន្ទឹមនឹងនេះ មន្ត្រីឧទ្យានុរក្ស ក៏បានសហការយកចិត្តទុក្ខដាក់ខ្ពស់ក្នុងកិច្ចការពារសម្បុកសត្វទាំងនោះ ដោយធ្វើការយាមល្បាតទាំងថ្ងៃទាំងយប់ ការពារជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាស បង្កបទល្មើសផ្សេងៗ។ វត្តមាននៃសត្វស្លាបដែលនៅតែបន្តពងកូនក្នុងតំបន់ដីសើមនេះ បាន បញ្ជាក់ឱ្យដឹងថា តំបន់ដីសើមនេះ ជាតំបន់ដ៏សំខាន់ និងមានតម្លៃជាអតិបរមា សម្រាប់ការងារអភិរក្ស ការពារធនធានធម្មជាតិ។


សូមបញ្ជាក់ថា គម្រោងអភិរក្ស និងគ្រប់គ្រងតំបន់ដីសើមបឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ច សហការរវាងក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថានខេត្តតាកែវ ជាសេនាធិការជាមួយ ភាពជាដៃគូនៃអង្គការអភិរក្សតំបន់ដីសើមមេគង្គក្រោម ដែលមានអង្គការជីវិតសត្វ ស្លាប អន្តរជាតិ អង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការWWT៕