សង្គម

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ៖ ទោះជួបវិបត្តិកូវីដ១៩ តែបណ្តារដ្ឋអាស៊ានទាំងអស់ បន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀននៅក្នុងតំបន់ ក៏ដូចជាពិភពលោក

image

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា វិបត្តិសកលកូវីដ-១៩ នៅតែបន្តគំរាមកំហែងដល់សុខភាពសាធារណៈ សេដ្ឋកិច្ច និងសន្តិសុខពិភពលោក ប៉ុន្តែបណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ បានបន្តយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននៅក្នុងតំបន់ ក៏ដូចជាពិភពលោក។


នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ថ្លែងបែបនេះ ក្នុងពិធីកិច្ចប្រជុំ ASOD ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានលើកទី៧ ស្តីពីបញ្ហាគ្រឿងញៀន នៅរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែតុលានេះ ដែលកិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិភាក្សាលើបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួនដែលបានជួបប្រទះ ប្រមូលធាតុចូលសំខាន់ៗ ជាពិសេស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅក្នុងបរិបទកូវីដ-១៩ សម្រាប់ដាក់ជូនកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីបញ្ហាគ្រឿងញៀននៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ លើកទី៧។


នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បន្ថែមទៀតថា “ទោះបីយើងទាំងអស់គ្នាកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកក៏ពិតមែន តែយើងទាំងអស់គ្នាបានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនតាមរយៈយន្តការជាតិ និងសហប្រតិបត្តិការអន្តរជាតិជាច្រើន ដែលក្នុងនោះមាន ការចូលរួមអនុវត្តយ៉ាងសកម្មនូវផែនការសកម្មភាពរបស់អាស៊ានស្តីពី សន្តិសុខសហគមន៍អាស៊ានប្រឆាំងនឹងបទល្មើសគ្រឿងញៀន ២០១៦-២០២៥ ជាផែនទីវិថីមួយដ៏សំខាន់សម្រាប់យើងទាំងអស់គ្នា។ ការអនុវត្តផែនការសកម្មភាពនេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបបានទៅនឹងយន្តការត្រួតពិនិត្យគ្រឿងញៀនទាំងក្របខ័ណ្ឌថ្នាក់ជាតិ តំបន់ និងសកលលោក ពិសេសក្នុងបរិបទនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន ដែលយើងទាំងអស់គ្នាទទួលបាននូវសមិទ្ធិផលគួរឲ្យកត់សម្គាល់។”


ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងដោយកោតសរសើរនិងថ្លែងនូវអំណរអគុណចំពោះបណ្តាប្រទេសជាសមាជិកអាស៊ានទាំងអស់ ចំពោះកិច្ចសហប្រតិបត្តិការ និងខិតខំប្រឹងប្រែងលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនទទួលបានលទ្ធផលគួរកត់សម្គាល់។ លោក ក៏បានថ្លែងនូវការកោតសរសើរដល់ក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនឥណ្ឌូនេស៊ី ដែលបានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស ដើម្បីពិនិត្យលើសេខក្តីព្រាងរបាយការវាយតម្លៃពាក់កណ្តាលអាណត្តិ ស្តីពីការអនុវត្តផែនការសកម្មភាពសហគមន៍អាស៊ានប្រឆាំងនឹងបទល្មើសគ្រឿងញៀន ២០១៦-២០២៥ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ចប់ជាស្ថាពរ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កម្ពុជា នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីស្តីពីបញ្ហាគ្រឿងញៀនលើកទី៧ ដែលអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំដោយលោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន៕