សង្គម

សម្តេចក្រឡាហោម ស ខេង បានប្រាប់អភិបាលថ្មីនៃខេត្តកំពត ខិតខំប្រមូលបញ្ហានានារបស់ពលរដ្ឋ មកដោះស្រាយឱ្យបានទាន់ពេលវេលា ដោយតម្លាភាព និងប្រសិទ្ធភាព

image

កំពត៖ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកំពត។


ពិធីនេះប្រារព្ធឡើងបន្ទាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រាស់បង្គាប់តែងតាំងលោក ម៉ៅ ធនិន ជាអភិបាលនៃគណៈអភិបាលខេត្តកំពត ជំនួសលោក ជាវ តាយ ដែលត្រូវបានត្រាស់បង្គាប់តាំងតែងជាអភិបាល នៃគណអភិបាលខេត្តពោធិ៍សាត់។


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់អំពីមូលហេតុនៃការផ្លាស់ប្ដូរអភិបាលខេត្តមួយចំនួននារយៈពេលចុងក្រោយនេះ ក្នុងនោះក៏រួមមានទាំងលោក ម៉ៅ ធនិន ដែលបានផ្លាស់ប្ដូរមកជាអភិបាលខេត្តកំពត បន្ទាប់ពីបានបញ្ចប់អាណត្តិការងារ៨ឆ្នាំ ពីអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងថាការផ្លាស់ប្ដូរទាំងនេះ គឺសុទ្ធតែផ្អែកលើច្បាប់។


សម្ដេចក្រឡាហោម ស ខេង ក៏បានបន្តណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ចំណុះរដ្ឋបាលខេត្តកំពត ពិសេសអាជ្ញាធរមូលដ្ឋាន សូមខិតខំប្រមូលបញ្ហា មតិយោបល់ សំណូមពរនានារបស់ប្រជាពលរដ្ឋ យកមកដោះស្រាយឱ្យបានទាន់ពេលវេលា ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ ជាមួយគ្នានេះ សម្តេចក្រឡាហោម ថា អភិបាលខេត្តទាំងអស់ អាចពិចារណា និងសិក្សាអំពីវិធីដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការរបស់លោក ម៉ៅ ធនិន។


សម្ដេច ក៏បានគូសបញ្ជាក់អំពីដំណើរការឈានទៅរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវធ្វើយ៉ាងណាឱ្យដំណើរការបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូនរាប់ចាប់តាំងពីការចាប់ផ្ដើមដំណើរការចុះឈ្មោះបោះឆ្នោត និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បាននិងកំពុងដំណើរការនាពេលនេះ។


សម្ដេច បានបន្តលើកឡើងអំពីដំណើរការផ្ទេរមុខងារ សិទ្ធិអំណាច និងធនធាន ពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ ដែលជារឿងថ្មីថ្មោងមួយទៀតក្នុងដំណើរការកំណែទម្រ់វិមជ្ឈការ និងវិសហមជ្ឈការ។ ជាមួយគ្នានេះ សម្ដេចបានជំរុញឱ្យខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយ អនុវត្ត និងធ្វើយ៉ាងណាឱ្យមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ សម្រាប់ការគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។ សម្ដេចក៏បានណែនាំពិនិត្យលទ្ធភាពរៀបចំប្រឡងប្រណាំងអនុវត្តគោលនយោបាយនេះ។


សម្ដេច ក៏បានផ្ដាំផ្ញើជាថ្មីទៀតឱ្យខិតខំពង្រឹងកិច្ចសហប្រតិបត្តិការរវាគណៈអភិបាល និងក្រុមប្រឹក្សា ខិតខំរួមគ្នាថែរក្សាការពារសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងខិតខំឱ្យបានកាន់តែសកម្មថែមទៀតនូវកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋជួបការលំបាក ទាំងនៅក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ និងរងគ្រោះដោយមហន្តរាយធម្មជាតិផ្សេងៗ៕