សង្គម

អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ពលរដ្ឋឱ្យខិតខំបង្កបង្កើនផលស្រូវបន្ថែមទៀត ខណៈឆ្នាំនេះ កសិករកំពុងសង្ឃឹម ទទួលបានទិន្នផលល្អ

image

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការងារបង្កបង្កើនផល ស្រូវវស្សា ក្នុងស្រុកសំរោងទង និងស្រុកបសេដ្ឋ ដែលមានផ្ទៃដីជាង ៤០០ហិកតា ខណៈប្រជាកសិករជិតដល់រដូវប្រមូលផល និងបន្តពិនិត្យស្ថានភាពអាងទំនប់ស្តុកទឹក ប្រឡាយស្រោចស្រពផងដែរ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។


លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជំរុញ និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យ បន្ត ខិតខំធ្វើការបង្កបង្កើនផលដាំដំណាំស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីជួយទ្រទ្រង់ ដល់ជីវភាពគ្រួសារឱ្យកាន់តែល្អប្រសើរថែមទៀត។ ទន្ទឹមនឹងនេះ ក៏បានធ្វើការណែនាំដល់ មន្ទីរ ជំនាញឱ្យធ្វើសិក្សាលើកជាគម្រោងការកសាងប្រព័ន្ធធារាសាស្ត្រ ដើម្បីបង្កលក្ខណៈ ងាយស្រួលក្នុងការស្រោចស្រពជូនប្រជាកសិករក្នុងការងារបង្កបង្កើនផល និងជៀសផុត ពីផលប៉ះពាល់ដោយសារខ្វះទឹកស្រោចស្រពនាពេលអនាគត។


លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា ថ្វីត្បិតខេត្តកំពង់ស្ពឺ បានជួបនូវឧបសគ្គកូនរដូវប្រាំងរយៈពេលខ្លីក៏ពិតមែន តែចំពោះផលដំណាំ ស្រែចម្ការ របស់ប្រជាពលរដ្ឋមិនមានការខូចខាតនោះទេ។ ផ្ទុយទៅវិញពួកគាត់ហាក់មានការសប្បាយរីករាយនូវពេលដែលដំណាំស្រូវដែលកំពុងចេញផ្លែទទួលបានទិន្នផលខ្ពស់គួរជាទីមោទនៈនៅពេលនេះ។ មិនយូរទៀតទេពួកគាត់នឹងធ្វើការប្រមូលផលហើយ និងសង្ឃឹមបានទិន្នផលខ្ពស់៕



អត្ថបទ៖ ប៊ុត សារុន