សង្គម

មន្ត្រីជំនាញ រំពឹងថា វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី នឹងត្រឡប់ទៅស្ថានភាពធម្មតាវិញ តាមគន្លងទេសចរណ៍បែបថ្មី

image

អត្ថបទ៖ ប៊ុត សុភ័ក្រ
មណ្ឌលគិរី៖ រយៈពេលប្រមាណជាង១ឆ្នាំដែលតំបន់ទេសចរណ៍នៅខេត្តមណ្ឌលគិរីប្រែទៅជាស្ងាត់ជ្រងំ បន្ទាប់ពីជំងឺកូវីដ១៩ បានរាតត្បាតខ្លាំង ហើយចំនួនអ្នកទេសចរបន្តថយចុះជាលំដាប់ គឺចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២០អូសបន្លាយរហូតមក។ ប៉ុន្តែក្រោយពិធីបុណ្យភ្ជុំបិណ្ឌបញ្ចប់ទៅ អ្នកជំនាញបានពិនិត្យមើលពីដំណើរការនៃវិស័យទេសចរណ៍ និងអាចសន្និដ្ឋានបានថា អ្នកទេសចរចាប់ផ្ដើមដើរលេងកម្សាន្តឡើងវិញ តាមគន្លងទេសចរណ៍បែបថ្មីក្នុងបរិបទកូវីដ១៩ ។



ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន ឱ្យដឹងថា អំឡុងពេល៣ថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខេត្តមណ្ឌលគិរីទទួលបានកំណើនអ្នកទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលមិនធ្លាប់មានស្ថិតក្នុងបរិបទកូវីដ១៩នេះ អ្វីជាការកត់សម្គាល់ក្រោយពិធីបុណ្យភ្ជុំបញ្ចប់ទៅ មណ្ឌលគិរីនៅតែមានអ្នកទេសចរមកជាហូរហែ ពិសេសថ្ងៃចុងសប្ដាហ៍ ខុសប្លែកឆ្ងាយពីពេលមុន ។ លោកប្រធានមន្ទីររំពឹងថា បើមិនមានអ្វីប្រែប្រួលវិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី នឹងអាចដំណើរការល្អប្រសើរដូចមុន ខណៈរមណីយដ្ឋានទេសចរណ៍ទាំងអស់ក្នុងខេត្តក៏បានបើកដំណើរការឡើងវិញដែរ ។



លោក ងិន សុវិមាន បន្តថា ទោះបីឱកាសបុណ្យភ្ជុំបិណ្ឌខេត្តមណលគិរីមានអ្នកទេសចរមកលេងច្រើន ប៉ុន្តែរហូតមកដល់ពេលនេះនៅមិនទាន់មានសេចក្ដីរាយការណ៍អំពីផលប៉ះពាល់នៃជំងឺកូវីដ១៩នោះទេ ខណៈដែលមន្ត្រីជំនាញក៏កំពុងខិតខំបន្ថែមទៀត ដើម្បីបណ្ដុះបណ្ដាលឲ្យប្រតិបត្តិករទេសចរទាំងអស់ មានការប្រុងប្រយ័ត្នពីជំងឺកូវីដ១៩ និងយល់ដឹងវិធីបញ្ចៀសហានិភ័យពីជំងឺដ៏គ្រោះថ្នាក់នេះ ។



សូមរម្លឹកថា តួលេខចំនួនភ្ញៀវទេសចររយៈពេល៣ថ្ងៃ នៃឱកាសបុណ្យភ្ជុំបិណ្ឌ មានប្រមាណជាង២៣.០០០នាក់ កើនឡើង៨១,៨៨% បើធៀបនិងភ្ជុំបិណ្ឌឆ្នាំមុន។ សម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវ គឺពួកគាត់ភាគច្រើនមានការប្រុងប្រយត្នដោយខ្លួនឯងអំពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ចំណែកសុវត្ថិភាពរបស់ពួកគាត់ក៏ល្អប្រសើរ ពោលគឺមិនមានភាពអសន្តិសុខណាមួយកើតឡើងនោះទេ ៕