សង្គម

សម្ដេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំចំនួន ៤ចំណុច ដើម្បីទប់ស្កាត់ការវាយកម្ទេចនិងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ

image


ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅថ្ងៃទី12 ខែតុលា បានចេញសារាចរណែនាំចំនួន ៤ចំណុច ដើម្បីទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់អគារបេតិកភណ្ឌ។

ក្នុងសារាចរ បានលើកឡើងថា រាជរដ្ឋាភិបាល បានពិនិត្យឃើញថា សព្វថ្ងៃដោយសារទំនើបកម្មបណ្តាលឱ្យមានការបាត់បង់ ការវាយបំផ្លិចបំផ្លាញ ការធ្វើឱ្យខូចខាតតាមគ្រប់រូបភាពជាបន្តបន្ទាប់ចំពោះសំណង់អគារបេតិកភណ្ឌដែលស្ថិតនៅក្នុងតំបន់បេតិកភណ្ឌទីក្រុង តាមបណ្តារាជធានី ខេត្ត ដែលជាសម្បត្តិបេតិកភណ្ឌជាតិដ៏មានតម្លៃ ហើយមានការប្រឈមនឹងហានិភ័យ និងស្ថិតក្រោមការគំរាមកំហែងខ្ពស់ដោយការអភិវឌ្ឍ ដែលទាមទារឱ្យមានការថ្លឹងថ្លែងរវាងការអភិរក្ស និងការអភិវឌ្ឍ គឺត្រូវតែមានតុល្យភាព។



ហេតុនេះ ដើម្បីឱ្យការងារអភិរក្សតំបន់បេតិកភណ្ឌទីក្រុង ដែលមានសំណង់អគារសាសនាផ្សេងៗ សំណង់សាធារណៈ សំណង់ឯកជន ភូមិដ្ឋាន និងផ្ទះបុរាណ ស្របតាមច្បាប់ស្តីពីកិច្ចការពារបេតិកភណ្ឌវប្បធម៌ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/២៦ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦ រាជរដ្ឋាភិបាល សូមធ្វើការណែនាំដូចខាងក្រោម៖



១- ហាមឃាត់ចំពោះការកែប្រែ ការប្ដូររូបរាងខាងក្រៅ ឬធ្វើឱ្យខូចខាតសោភ័ណភាពចំពោះសំណង់ នៃតំបន់បេតិកភណ្ឌទីក្រុង។

២- ទប់ស្កាត់ការវាយកម្ទេច និងបំផ្លិចបំផ្លាញសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ សំណង់បុរាណ និងសំណង់អគារបេតិកភណ្ឌ ដើម្បីការពារឱ្យបានគង់វង្ស។

៣-បញ្ឈប់ជាបន្ទាន់ចំពោះការបំផ្លាញអគារបេតិកភណ្ឌក្នុងតំបន់ការពារនិងក្រៅតំបន់ការពារ ដោយ ផ្តោតលើយុទ្ធសាស្ត្រ គោលនយោបាយ និងផែនទីចង្អុលបង្ហាញ ដើម្បីជំរុញការអភិរក្ស និងការអភិវឌ្ឍទីក្រុងបេតិកភណ្ឌប្រកបដោយនិរន្តរភាព។

៤- សំណង់អគារបេតិកភណ្ឌដែលនឹងត្រូវធ្វើការជួសជុល កែប្រែរូបរាង ឬវាយកម្ទេចចោល ត្រូវស្នើសុំការពិនិត្យ និងសម្រេចពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងអាជ្ញាធរពាក់ព័ន្ធជាមុនសិន។

ទទួលបានសារាចរនេះ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមានប្រសិទ្ធ ភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់៕