ព័ត៌មានជាតិ

រដ្ឋសភា នឹងធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស

image


ភ្នំពេញ៖ រដ្ឋសភា នឹងបើកកិច្ចប្រជុំនាពេលខាងមុខ ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន ក្នុងនោះ រួមមានទាំងការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនលោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។ នេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋសភា។

រដ្ឋសភា បានឱ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ ដើម្បីធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈមួយចំនួន។

ជាលទ្ធផល អង្គប្រជុំបានអនុម័តយល់ព្រម សំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការបំពេញបន្ថែមសមាសភាពសមាជិកនៃរាជរដ្ឋាភិបាលដល់លោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ដើម្បីដាក់ជូនសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត។

សូមបញ្ជាក់ថា លោក ប៉ា សុជាតិវង្ស បច្ចុប្បន្ន គឺជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៕