សង្គម

រដ្ឋាភិបាល និងប្រជាជនកូរ៉េ ប្រគល់សម្ភារបរិក្ខាពេទ្យដល់កម្ពុជា ដើម្បីប្រើប្រាស់និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩

image


ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួលជំនួយ របស់រដ្ឋាភិបាលនិងប្រជាជន នៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH (Korea Foundation for International Healthcare) ជូនរាជរដ្ឋាភិបាលនិងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោកវេជ្ជបណ្ឌិត Kim Sang Gyeun ប្រធានមូលនិធិថែទាំសុខភាពអន្តរជាតិ KOHH ប្រចាំកម្ពុជា។

សម្ភារនិងបរិក្ខា ដែលរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH បានផ្តល់ ១) ម៉ាស៊ីនធ្វើតេស្តរក វីរុសកូរ៉ដ-១៩ ចំនួន ២គ្រឿង ២ )តេស្តរកវីរុសកូវីដ-១៩ ចំនួន ២៣.០៤០តេស្ត និង ៣) សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រី សុខាភិបាល ចំនួន ៥០០ ជូនក្រសួងសុខាភិបាលសម្រាប់។

ក្នុងឱកាសនោះ លោកវិជ្ជបណ្ឌិតប្រធានមូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH ប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។ លោកប្រធានមូលនិធិក៏ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ជន ជាតិកូរ៉េទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជា ជាពិសេសបុគ្គលិកមូលនិធិ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់មូលនិធិថែទាំ
សុខភាពអន្តរជាតិ KOFI នៃសាធារណរដ្ឋកូរ៉េ ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាលព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃ ថ្លារបស់មូលនិធីថែទាំសុខភាពអន្តរជាតិ KOFIH នៃសាធារណរដ្ឋកូរ៉េ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាល នៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។

ដោយ៖ គង់ វណ្ណៈ